រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃប្រកាសឱ្យធ្វើការបង្កកទ្រព្យសម្បត្តិនៅពេលចាប់បានអ្នករកស៊ីជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងបទល្មើព្រៃឈើ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ -សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសថា នៅ​ពេលចាប់បានអ្នករកស៊ីជួញដូរមនុស្ស   បទល្មើសគ្រឿងញៀន និងបទល្មើព្រៃឈើ ត្រូវបង្កក​ទ្រព្យសម្បត្តិទុកទាំងអស់ ដើម្បីត្រួតពិនិត្យចៀសវាងការលាងលុយខ្មៅ​នៅលើទីផ្សារ​កម្ពុជា។​ការប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង នេះធ្វើឡើងក្នុងវេទិកាជាតិ-អន្តរសាសនានៅ​កម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅសាលសន្និសីទកោះពេជ្រ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា “ត្រូវបង្កកទ្រព្យសម្បត្តិអ្នកដែលពាក់ ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន   បទល្មើសរកស៊ីឈើខុសច្បាប់ និងបទល្មើសជួញដូរ​មនុស្ស បើសិនតែចាប់បានមកហើយ ចរាចរណ៍លុយខ្មៅ មិនបានបង្ករទុក វាគ្មានប្រយោជន៍​នោះទេ”។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ខាងក្រសួងយុត្តិធម៌ បានដឹកនាំមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធប្រជុំរួចហើយ  ដោយបានកំណត់ជាក់លាក់​អំពីវិធី​អនុវត្តន៍ គឺមានន័យថាលុយដែលបានមកពីបញ្ហាពាក់ព័ន្ធគ្រឿងញៀន មិនត្រូវតែដាក់ពន្ធ នាគារ​​នោះទេ គឺត្រូវបង្កកទ្រព្យសម្បត្តិ (មិនរឹបអូសទេ) យើងត្រូវត្រួតពិនិត្យថា ប្រាក់នោះ បានមកពីណា បើបានមកពីរកស៊ីត្រឹមត្រូវយើងទុកឱ្យគេវិញ ប៉ុន្តែបើបានមកពីរកស៊ីគ្រឿន​ញៀនគឺត្រូវរឹបអូសយកទៅចាត់ចែងបានផ្លូវច្បាប់។ សម្តេចកក្រឡាហោមបានលើកឡើងថា ការរក​ស៊ី​ជួញដូរមនុស្ស និងការរកស៊ីកាប់ព្រៃឈើខុសច្បាប់ ក៏ត្រូវធ្វើដូចគ្នាដែរ គឺកាល​ណារក​ឃើញ ​ឬចាប់ជនល្មើសបាន ត្រូវបង្កកទ្រព្យសម្បត្តិ ហើយពេលដែលរកឃើញថា​ទ្រព្យសម្បត្ដិរកឃើញ គឺជាទ្រព្យសម្បត្តិដែលបានមកនោះល្អ យើងត្រូវប្រគល់ឱ្យគេវិញ  ដើម្បី​យុត្តិធម៌។ ប៉ុន្តែបានរកឃើញទ្រព្យសម្បត្ដិបានមកពីការកាប់ឈើខុសច្បាប់ ឬជួញដូរ​មនុស្ស គឺត្រូវរឹបអូសយក។

សម្ដេចក្រឡាហោមបានបន្ថែមថា កម្លាំងសមត្ថកិច្ចដែលអនុវត្តន៍ច្បាប់គឺនគបាលយុត្តិ ធម៌  និងស្ថាប័នតុលាការ ដែលចាំបាច់សហការគ្នាឱ្យបានល្អ ហើយអនុវត្តន៍តាម​ច្បាប់​ចំពោះ​អ្នកដែលប្រព្រឹត្តបទល្មើសទាំងឡាយ។ ជាមួយគ្នានេះ សម្រាប់ការអប់រំគឺជាការចាំបាច់ ដើម្បី​ឱ្យយល់ដឹងទាំងអស់គ្នា  ប៉ុន្តែការអនុវត្តច្បាប់ក៏មិនអាចខ្វះបានដែរ។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ការអនុវត្តខាងលើត្រូវតែធ្វើរហូតដល់ទទួលបាន​ជោគជ័យ ហើយប្រសិនបើគេថាកម្ពុជាជាប្រទេសជួញដូរមនុស្ស​មានន័យថាជាប្រទេស​ដែល​លាងលុយខ្មៅ  ព្រោះថាអ្នកដែលបានលុយដោយសារការជួញដូរខុសច្បាប់ចាត់​ទុកជាលុយ​ខ្មៅ ហើយគេយកលុយមកចរាចរណ៍លើទីផ្សារនៅកម្ពុជា គឺកម្ពុជាជាកន្លែងលាងលុងខ្មៅ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា “វាទៅអញ្ចឹង រកស៊ីគ្រឿងញៀនក្តី រកស៊ីឈើក្តី និងបទល្មើសផ្សេងទៀត គឺវាទៅអញ្ចឹង ហើយលាងលុយខ្មៅបើលុយនេះ​ចរាចរណ៍​លើទីផ្សារនោះ”៕

ដោយ ប៊ុនរិទ្ធ