KOICA ជួយបណ្ដុះបណ្ដាលដល់គិលានុបដ្ឋាកកម្ពុជាចំនួន២៦រូប ដើម្បីធានា សុវត្ថិភាពក្នុងការបង្ការការចម្លងមេរោគនៅក្នុងមន្ទីរពេទ្យ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩  -ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យ​វេជ្ជ សាស្ត្រ​ស៊ុនជុនយ៉ាង សហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង បានបណ្ដុះ​បណ្ដាលពង្រឹងសមត្ថ​ភាពដល់គិលានុបដ្ឋាកកម្ពុជាចំនួន២៦រូប ដើម្បីធានាសុវត្ថិភាពក្នុងការបង្ការ​ និងការគ្រប់​គ្រង​ការឆ្លង​មេរោគនៅក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ KOICA។

ក្នុងសិក្ខាសាលារួមកម្ពុជា-កូរ៉េ ស្តីអំពីការបង្ការការចម្លងមេរោគសម្រាប់គិលានុបដ្ឋាក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មន្ទីរពេទ្យព្រះអង្គឌួង គឺបានធ្វើឡើង ដោយមានការ​អញ្ជើញចូលរួមពីក្រុមការងារមកពីមជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង(Soonchunhyang University Medical Center) បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា​ជាច្រើន​លើកច្រើនសាររួចមកហើយ និងបានមើលឃើញបញ្ហាឆ្លងសំខាន់ៗ ដែលអាចជាត្រូវ​បង្ការបាន។ ក្នុងការបណ្ដុះបណ្ដាលនេះ ក្រុមការងារក្រុមការងារមកពីមជ្ឈមណ្ឌល​សាកល​វិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង បានសម្រេចយកប្រធានបទ សម្រាប់ការបណ្តុះ​បណ្តាល​ជាពិសេស សម្រាប់គិលានុបដ្ឋាក​ គឺការគ្រប់គ្រងការឆ្លង និងការគ្រប់គ្រងសុវត្ថិ​ភាពនៅ​ក្នុង​មន្ទីរពេទ្យ ដែលជាកម្មវិធីចាំបាច់សម្រាប់អ្នកជំងឺមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងគិតពីសុវត្ថិ​ភាព​របស់បុគ្គលិកមន្ទីរពេទ្យផងដែរ។

ក្នុងអំឡុងពេលនៃសិក្ខាសាលានេះ គិលានុបដ្ឋាក ដែលជាជនជាតិកូរ៉េចំនួនពីររូប ដែលពួកគាត់មានឯកទេសក្នុងការគ្រប់គ្រង ការបង្ការការចម្លងមេរោគ បានធ្វើបទបង្ហាញ ទាក់ទងទៅនឹងការការពារការចម្លងមេរោគ និងការត្រួតពិនិត្យការបង្ការការចម្លងមេរោគ នៅ​ក្នុងបន្ទប់វះកាត់។ ទន្ទឹមនេះ គិលានុបដ្ឋាកចំនួន២៦នាក់ ដែលជាសិក្ខាកាម មកពីមន្ទីរពេទ្យ​ព្រះ​អង្គឌួង បានចូលរួមក្នុងសិក្ខាសាលានេះ ហើយភាគីទាំងពីរ​បានចែករំលែកពីព័ត៌មាន​ចាប់​ពីមូលដ្ឋានគ្រឹះ ទៅដល់វិធីសាស្រ្តជាក់ស្តែងក្នុងការគ្រប់គ្រងការឆ្លង។

គិលានុបដ្ឋាកកម្ពុជាដែលជាសិក្ខាកាមចូលរួមទាំងអស់បានបង្ហាញនូវសារៈសំខាន់ និងការទទួលបាននូវចំណេះដឹងថ្មីៗថែមទៀតចំពោះការបណ្ដុះបណ្ដាលពីទីភ្នាក់ងារ (KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង ដែលបានឧបត្ថម្ភរៀបចំកម្មវិធី​សិក្ខាសាលានេះ។ ក្រុមគិលានុបដ្ឋាកបានបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តខ្ពស់ នៅក្នុង​វគ្គសិក្សា ដើម្បីលើកកម្ពស់ការកសាងសមត្ថភាពសម្រាប់ការយល់ដឹងទូលំទូលាយ អំពីការ ការពារការចម្លងមេរោគ និងការត្រួតពិនិត្យការចម្លងមេរោគនៅក្នុងបន្ទប់វះកាត់ផងដែរ។

សូមរម្លឹកថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ (KOICA) បានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន៨ លានដុល្លារអាម៉េរិក សម្រាប់ “គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរ ពេទ្យព្រះអង្គឌួង” ដែលនឹងត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២។ ជាមួយគ្នានេះ អគារមួយខ្នង ដែលមានកម្ពស់៥ជាន់ នឹងត្រូវសាងសង់នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ហើយ​ត្រូវបានបំពាក់នូវសម្ភារទំនើបបំផុត ចាំបាច់នានា ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាង​ណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យឱ្យល្អប្រសើរមួយកម្រិតទៀត។​ ក្រៅពី​ការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និង បុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរ ចំណេះដឹង និង​ចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ៕

ដោយ រិទ្ធី​