គណ:ប្រតិភូថៃ បំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ -នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ គណ:ប្រតិភូ នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយឯកឧត្តម ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ជម្រាបជូនអំពីសក្តានុពលខេត្តព្រះសីហនុ មានកោះ៣២ ផ្លូវជាតិសំខាន់ ២ គឺផ្លូវជាតិលេខ៤ និងលេខ៣ ខេត្តមានព្រលានយន្តហោះអន្តរជាតិ  ហើយថ្មីៗនេះកំពុងជំរុញការពង្រីកបន្ថែម មានផ្លូវដែកតភ្ជាប់ពីខេត្តព្រះសីហនុទៅរាជ ធានីភ្នំពេញ ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតភ្ជាប់ផ្លូវដែករវាងកម្ពុជា-ថៃ  និងភ្ជាប់មកខេត្តព្រះសីហនុ ។ ខេត្តព្រះសីហនុមានមុខងារជាខេត្តទេសចរណ៍ ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយនេះ និងការអនុវត្តគោលនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកៀរគរអ្នកវិនិយោគិន ធ្វើឱ្យខេត្តព្រះសីហនុ មានអ្នកវិនិយោគចិនមកច្រើនជាងគេ បានប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុមុខងារ ។

ឯកឧត្តមអភិបាលខេបានត្តបន្តថា វិស័យសំណង់ កំពុងមានការកើនឡើងបម្រើឱ្យការអភិវឌ្ឍ ហើយការអភិវឌ្ឍមានការកើនឡើង និងលំហូរចូលមនុស្សក្នុងស្រុក និងមកពីបរទេស ធ្វើឱ្យខេត្តមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ក៏មានភាពស្មុគស្មាញធ្វើឱ្យមានការខូចខាតផ្លូវ ដោយសារកំណើនយានយន្តដឹកជញ្ជូនធ្ងន់ បណ្តាលឱ្យខូច ខាតផ្លូវថ្នល់ រួមផ្សំកាលពីថ្ងៃទី០៨ ខែសីហាកន្លងមកថ្មីៗនេះភ្លៀងបានធ្លាក់ជាប់គ្នា ធ្វើឱ្យក្រុងព្រះសីហនុទទួលរងគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ។ ខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះ បម្រើឱ្យវិស័យដឹកជញ្ជូន ម្យ៉ាងទៀតផ្លូវចូលក្រុងព្រះសីហនុមានតែមួយ ក៏ជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា កម្ពុជាធ្លាប់មានសង្គ្រាមរាប់សឹបឆ្នាំ យើងបានចងចាំទុកសម្រាប់ប្រជាជនកម្ពុជា ដោយសារសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ហើយកម្ពុជាមានមោទនភាព មានសន្តិភាពពេញលេញ និងអនុវត្តន៍តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានយោធាបរទេសនៅលើទឹកដីកម្ពុជានោះទេ ។ បច្ចុប្បន្នប្រទេសទាំងពីរ កម្ពុជា-ថៃ មានទំនាក់ទំនងស្អិតល្មួតក្នុងកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជូនគណ:ប្រតិភូទៅចូលរួមប្រជុំនៅប្រទេសថៃ ដើម្បីទាក់ទាញទេសចរឆ្លងកាត់ ស្នាក់នៅរវាងកម្ពុជា-ថៃ និងវៀតណាម ។

ឯកឧត្តម ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណអភិបាលខេត្ត ដែលអនុញ្ញាតឱ្យគណៈប្រតិភូឯកឧត្តម ចូលជួបពិភាក្សាការងារ ដែលប្រទេសថៃ-កម្ពុជាមានចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការយូរអង្វែង។ ម្យ៉ាងទៀតប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ មានការដោះដូរពាណិជ្ជកម្មពីគ្នាទៅវិញទៅមក ។ ដោយគោលនយោ បាយកម្ពុជារឹងមាំធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនប្រកបដោយជោគជ័យ។ ឯកឧត្តម សង្ឃឹមថា នៅរយ:ពេល២ ឬ៣ឆ្នាំខាងមុខ កម្ពុជានឹងបោះជំហានរីកចម្រើនបន្ថែមទៀត និងក្លាយជាមហានគរ មានភាពស៊ីវីល័យនៅតាមកន្លែងកម្សាន្ត ព្រោះខេត្តព្រះសីហនុមានឆ្នេរស្អាត និងក្លាយជារមណីយដ្ឋានស្អាតជាក់ជាមិនខាន ។

ឯកឧត្តមបានបញ្ជាក់ថា មកដល់បច្ចុប្បន្នខេត្តព្រះសីហនុ មានអគារខ្ពស់ៗរីកចម្រើនដែលមិននឹកស្មានដល់ ហើយនៅពេលខាងមុខមានទេសចរស្នាក់នៅ ឆ្លងកាត់ប្រទេសទាំងបីក្នុងតំបន់ មានថៃ-កម្ពុជា-វៀតណាម កាន់តែច្រើនបន្ថែមទៀត ៕

ដោយ ងូ សុមុនី