ក្រុមហ៊ុន Huawei ប្រកាសពង្រីកសកម្មភាពធុរកិច្ចក្នុងវិស័យឌីជីថល​នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ — លោក Yuya YAO នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei ប្រចាំនៅក្នុងប្រទេស កម្ពុជា បានប្រកាសពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័​យ​ឌី​ជី​ថ​លដើម្បីចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ការប្រកាសរបស់នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei នេះធ្វើឡើងក្នុងជំនួប ពិភាក្សាការងារ​ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះ លោក Yuya YAO បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ និងបានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អំពីសកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន Huawei ដែលបាន វិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចាប់​តាំង​ពីឆ្នាំ១៩៩៩ មក ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋា ភិបាលកម្ពុជា បាន និង​កំពុ​ង​​​ផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាល ឌីជីថល ដែលបង្កើតបរិស្ថានសម្រាប់ការ​រីក​លូ​ត​លាស់វិស័យឌីជីថល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei បន្តវិនិយោគ និងផ្តល់ការគាំទ្របន្ថែមតាមរយៈជំនាញ និងបទពិសោធន៍របស់ ខ្លួនដល់​ការងាររៀបចំ​ក្របខ័ណ្ឌ​គោល​នយោ​​បាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល៕

ដោយ គង់ សិរីរ័ត្ន