ឯកឧត្ដម ឃួង ស្រេង  ជំរុញឱ្យសមត្ថកិច្ចគ្រប់ខណ្ឌ ត្រូវពង្រឹងកិច្ចសហការ ផ្នែកសន្ដិសុខពីម្ចាស់បុរី និងខុនដូរ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យសមត្ថកិច្ចនៅតាម បណ្ដាខណ្ឌ ត្រូវពង្រឹងកិច្ចសហការផ្នែកសន្ដិសុខ ពីម្ចាស់បុរី និងខុនដូរនៅមូលដ្ឋាន របស់ខ្លួនឱ្យបានល្អ ក្នុងគោលបំណងរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយសុខដុមរមនា។

ឯកឧត្ដមបាន បញ្ជាក់បែបនេះកាលពីព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ខណៈឯកឧត្ដមចូលរួមក្នុង កិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១៤ មន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ ព័ន្ធក្នុងរាជធានីភ្នំពេញ  ទាក់ទងនឹងការគ្រប់គ្រងជនបរទេស ការស្នាក់នៅ ពិសេសគឺបញ្ហា សន្តិសុខនៅតាមបណ្ដាបុរី និងខុនដូរនៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំនេះបានលើកឡើងផ្ដោតទៅលើបញ្ហា នៃការមិនចូលរួមពីខាងសន្តិសុខឯកជន តាមបុរី និងខុនដូរ មួយចំនួន ដែលមិនបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ដូចជា មិនផ្ដល់ព័ត៌មាននានា មកជំនាញ សមត្ថកិច្ច មិនអនុញ្ញាតឱ្យសមត្ថកិច្ច ឬអាជ្ញាធរ ចេញចូល បុរី ឬខុនដូរ ដែលជាហេតុ ធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ ការរក្សាសន្តិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន និងក្ដាប់សភាពការណ៍ មិនគ្រប់ជ្រុងជ្រោយជាដើម។

ឯកឧត្ដម ក៏បានបញ្ជាឱ្យខណ្ឌទាំងអស់ ផ្តល់នូវរបាយការណ៍ប្រចាំខែ អំពីការងារ ត្រួតពិនិត្យគ្រប់គ្រងជនបរទេសរស់នៅតាមខុនដូរ សណ្ឋាគារ បុរី និងក្នុងផ្ទះសំណាក់ និងការងាររក្សាសន្តិសុខក្នុងមូលដ្ឋានគ្រប់គ្រងតាមខណ្ឌនីមួយៗ ដែលគណៈបញ្ជាការ ឯកភាព រាជធានីបានប្រជុំដាក់ចេញនូវផែនការកាលពីពេលថ្មីៗកន្លងទៅនេះ ជាពិសេស លទ្ធផលនៃការអនុវត្តនូវបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានការបង្កើនប្រជា កាពារឡើងវិញនៅតាមសង្កាត់នីមួយៗ៕

ដោយ សួស សំរិត