ឯកឧត្តមអភិបាលខេត្តកែប ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃវិទ្យាល័យ​ ហ៊ុន សែន ចំការដូង

AKP កែប ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម កែន​ សត្ថា​ អភិបាល​ នៃ​គណ:អភិបាលខេត្តកែប​ សង្ឃឹមយ៉ាងមុតមាំថា​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​របស់សិស្សថ្នាក់ទី១២​​ទាំងអស់​ នៃវិទ្យា​ល័យ​ ហ៊ុន​ សែន​ ចំការដូង​ និងទទួលបានជោគជ័យ១០០ភាគរយ​ ក្នុងឆ្នាំនេះ។

ការលើកឡើងយ៉ាងដូច្នេះ ខណៈដែលឯកឧត្តមអភិបាលខេត្តកែបជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ចំការ ដូងចំនួន១៨១នាក់ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដែលជាបេក្ខជនត្រូវប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដោយមោទនភាពថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ​នាឆ្នាំនេះ​ សិស្សនៃវិទ្យាល័យ ហ៊ុន សែន ចំការដូង និងទួលបាន ជោគជ័យ ១០០ភាគរយ​ ដោយការអះអាងនេះយោងទៅលើការចូល រៀនរបស់សិស្សា នុសិស្ស ដែលបានចូលរៀនបំប៉នស្ទើតែ១០០ភាគរយ និងដោយមានការខិតខំប្រឹងប្រែង បង្រៀនបំប៉នរបស់លោកគ្រូ អ្នកគ្រូ សុទ្ធតែមានបទពិសោធន៍។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា​ សិស្សានុសិស្សទាំងអស់មិនត្រូវធ្វើឱ្យឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូទាំងអស់បាត់បង់ក្តីសង្ឃឹមឡើយ ហើយសិស្សានុសិស្សទាំងអស់ ត្រូវតែមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីដណ្តើមយកនិទ្ទេសល្អឱ្យបានគ្រប់គ្នា​។ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩នេះ គឺបេក្ខជនប្រឡងត្រូវ តែខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាពរបស់ខ្លួន ដើម្បីជាក្តីសង្ឃឹមរបស់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេសការជួយលើកមុខមាត់ ខេត្តរបស់យើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត​ ក៏បានឧបត្ថម្ភជាថវិកា​ជូនដល់លោកគ្រូ អ្នកគ្រូ សរុបទឹកប្រាក់ ចំនួន ៩.៩៦៧.០០០រៀល និងសិស្សានុសិស្សក្នុងម្នាក់ៗទទួលបាន១០.០០០រៀលផងដែរ៕

ដោយ ប្រាក់ លាង