វីតាល់ចុះកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករក្នុងមួយឆ្នាំ១០តោន រយៈពេល៣ឆ្នាំ ជូនដល់មន្ទីរពេទ្យកុមារអង្គរ

AKP សៀមរាប ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ — ក្រុមហ៊ុនវីតាល់ បានបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដោយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករក្នុងមួយឆ្នាំចំនួន១០តោន រយៈពេលបីឆ្នាំ គឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ កម្មវិធីចុះកិច្ចព្រមពៀងឧបត្ថម្ភនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យកុមារអង្គរក្រុងសៀមរាប។លោក ទេព ណាវី នាយកប្រត្តិបត្តិនៃមន្ទីរពេទ្យកុមារអង្គរបានថ្លែងថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យកុមារអង្គរបានប្រើប្រាស់អង្ករអស់ចំនួន១០តោន សម្រាប់ចែកជូនដល់អ្នកជំងឺ មានជីវភាពខ្វះខាត និងអ្នកជំងឺមកពីឆ្ងាយៗមកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ។ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនវីតាល់ដែលបានផ្តល់អង្ករដល់មន្ទីរពេទ្យកុមារ។ លោកយល់ថា វិតាល់ជាក្រុមហ៊ុនជាតិគំរូមួយផ្តោតសំខាន់នឹងយកចិត្តទុកដាក់ដល់ កម្មវិធីមនុស្សធម៌ ជាពិសេសគឺការផ្តល់ជំនួយជំរុញ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ដែលសកម្មភាព នេះបានលើកនឹងកំពុងលើកទឹកចិត្តដល់មន្ទីរពេទ្យ និងក្រុមការងារឱ្យ កាន់តែមានទឹកចិត្តបម្រើសេវាកម្មពិនិត្យព្យាបាលកាន់តែល្អដល់កុមារកម្ពុជា។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនវីតាល់បានថ្លែងដែរថា វីតាល់ គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើសកម្មភាពមនុស្សធម៌ ក្រុមការងារយើង យល់ដឹងពី គុណតម្លៃនៃមន្ទីពេទ្យកុមារអង្គរដែលបានធ្វើការយ៉ាង សកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជា។ ដូច្នេះហើយទើប វីតាល់តែងតែផ្តល់ជំនួយ ដល់មន្ទីរពេទ្យកុមារអង្គរអស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយផ្តល់ជាអំណោយ អង្ករ១០តោន និងផលិតផលវីតាល់ នៅឆ្នាំ២០១៦។ និងថវិកាជិត១ម៉ឺនដុល្លារ ទទួលបានមកពីគម្រោង «អ្នកជាវីរបុរស» ដែលបានបិទបញ្ចប់កាលពី ខែឧសភា ឆ្នាំ២០១៩កន្លងទៅ។ ជាងនេះទៅទៀតវីតាល់ក៏បានបន្តគាំទ្រក្នុង ការចុះកិច្ចព្រមព្រៀង ឧបត្ថម្ភជាអង្ករ១០តោនក្នុងមួយឆ្នាំរយៈពេលរហូតដល់ទៅ៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៩នេះ ដល់ឆ្នាំ២០២១។ ជាមួយនឹងមូលនិធិ២៥រៀលរបស់វីតាល់ យើងនឹងបន្តពង្រឹងវិសាលភាព នៃសកម្មភាពមនុស្សធម៌ជាច្រើនរូបភាពបន្ថែមទៀតដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍ។សូមបញ្ជាក់ថា បើតាមទិសដៅរបស់មន្ទីរពេទ្យកុមារអង្គរ នៅក្នុងឆ្នាំ២០៣០ មន្ទីរពេទ្យកុមារអង្គរនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវស្នាដៃមួយចំនួន ដែល ទាក់ទងនឹងទិសដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពរួមមាន៖ ១.កាត់បន្ថយអត្រាមរណភាពទារក មិនឱ្យលើសពី១២នាក់ ក្នុងចំណោមទារក១០០០នាក់, ២.កាត់បន្ថយអត្រាមរណភាពកុមារអាយុក្រោយ៥ឆ្នាំមិនឱ្យលើសពី២៥នាក់ក្នុងចំណោមកុមារ១០០០នាក់, ៣.បញ្ចប់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ប្រភេទ និងបំពេញតម្រូវការអាហា រូបត្ថម្ភសម្រាប់កុមារីវ័យជំទង់ ស្ត្រីមានផ្ទៃពោះ បំបៅកូនដោយទឹកដោះ និងកុមារឱ្យមាន ប្រសិទ្ធភាព។ ៤. លើកកម្ពស់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ បង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យា និងជំរុញឱ្យមានការច្នៃប្រឌិតបង្កើតថ្មី ហើយទិសដៅទាំងនេះ អាចសម្រេចបានលុះត្រា តែមានការជួយឧបត្ថម្ភគាំទ្រពីលោកអ្នកទាំងអស់គ្នា។ សូមបន្តផ្តល់នូវការគាំទ្រដល់ ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ដើម្បីឱ្យមន្ទីរពេទ្យនេះអាចក្លាយខ្លួនជាមន្ទីរពេទ្យ បណ្តុះបណ្តាលឯកទេសជំងឺកុមារឈានមុខគេ ជួយលើកស្ទួយគុណភាពសេវាព្យាបាល និងថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ២០៣០៕

ដោយ ឃុត សៅ