បើកការដ្ឋា​នសាងសង់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង ក្នុងគម្រោងថវិកា២លាន ដុល្លារអាម៉េរិក ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ

​ AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញ បញ្ចុះ​បឋមសិលា បើកការដ្ឋា​នសាងសង់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង នៅក្នុងបរិវេណ​សាកលវិទ្យាល័យបាត់ដំបង នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្នុងគោលបំណង​ចូលរួម ដណ្តើម​មេដាយ ក្នុងការប្រកួត Sea Game 2023ខាងមុខ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យសហព័ន្ធខ្មែរកីឡា​ហែល​ទឹកសាង​សង់ “មណ្ឌលកីឡា ហែលទឹកខេត្តបាត់ដំបង” នៅក្នុងបរិវេណសាកលវិទ្យា​ល័យ​​ខេត្ត​បាត់​ដំបង ដោយយកគំនូរប្លង់តាម “មណ្ឌលកីឡាហែលទឹកតេជោសែន“ ខេត្ត​កំពង់ចាម។ គម្រោងនេះ សាងសង់លើផ្ទៃដីទំហំ ១១២ម៉ែត្រគុណនឹង៦៥ម៉ែត្រ និងមានរយៈ​ពេលសាងសង់២៤ខែ ដោយគម្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ២លានដុល្លារអាម៉េរិក។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានគូសបញ្ជាក់ថា ចំពោះមណ្ឌលកីឡាហែលទឹកនេះ គ្រោងសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ ក្រោមគំនិត​ផ្តួចផ្តើម របស់សម្តេចក្រឡាហោម ស ខេង ដើម្បីផ្តល់លទ្ធភាពឱ្យកីឡាករ-កីឡាការិនី​ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជននានាអាចហ្វឹកហាត់កីឡាហែលទឹក ដើម្បីសុខភាព ក៏ដូចជា​ត្រៀមការប្រកួតព្រឹត្តិការណ៍ហែលទឹកនានា ជាពិសេសគឺគោលដៅដ៏ធំចម្បង គឺបង្កើនគុណ​ភាពរបស់អត្តពលិក ឈានឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ នាឆ្នាំ​២០២៣ខាងមុខ។

ចំពោះលក្ខណៈបច្ចេកទេសត្រូវបានអ្នកជំនាញបញ្ជាក់ថា អាងសម្រាប់ប្រកួតទំហំមាន ២៥ម៉ែត្រគុណ៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ។ អាងលោតទឹកទំហំ ២០ម៉ែត្រ គុណ ២៥ម៉ែត្រ ជម្រៅ ៤.៥ម៉ែត្រ។ អាងហែលកម្ដៅសាច់ដុំ ទំហំ១០ម៉ែត្រ គុណ ១៥ម៉ែត្រ ជម្រៅ ១.៥ម៉ែត្រ។ ប៉មលោតទឹកកម្ពស់ ១០ម៉ែត្រ ចែកជាថ្នាក់លោតកម្ពស់ ៣​ម៉ែត្រ, ៥ម៉ែត្រ, ៧ម៉ែត្រ និង១០​ម៉ែត្រ ដោយអាងទាំងបី និងប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ៤០ម៉ែត្រ គុណ១១២​ម៉ែត្រខ្ពស់ជាង ដីកំណើត ១,៥ម៉ែត្រ។ អាងទឹកក្នុងដីសម្រាប់រក្សាតុ​ល្យភាពទឹក​អាង​ទាំងបី ទំហំ ១០ម៉ែត្រ គុណ ១៥ម៉ែត្រ ជម្រៅ ២.៥ម៉ែត្រ។ សម្រាប់កន្លែងអង្គុយទស្សនា​ទំហំ ៧ម៉ែត្រ គុណ៨៣ម៉ែត្រ ចំណុះ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី​ចំនួន ៥០នាក់។ បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ៧ម៉ែត្រ គុណ១៣ម៉ែត្រ។ ក្រៅពីនេះ ​ក៏មាន​បន្ទប់ឃ្លាំង និងបន្ទប់​សំខាន់ៗ ជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានអាងហែលទឹកលំដាប់អន្តរជាតិចំនួន៤ គឺ មណ្ឌល​កីឡាហែលទឹកស្ថិតនៅពហុកីឡដ្ឋានជាតិមរតកតេជោ, មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម, មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង ដែលកំពុងចាប់ផ្តើមសាងសង់នេះ និងមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកំពុងត្រូវបានជួសជុល និង​ស្ថាបនាឡើងវិញ៕

ដោយ ហេង ណាលីន