ជំនួបពិភាក្សាការងារ​ជាមួយ​ឯកអគ្គរាជទូតថ្មីរបស់ប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា។

ក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំជាមួយឯកឧត្តម អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម ជាពេលវេលាមួយដ៏សមស្រប គាប់ជួននឹងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មូហាធា មូហាម៉ែត មកប្រទេសកម្ពុជានៅពេលដ៏ខ្លីខាងមុខនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ ​បាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះបានផ្ដល់ឱកាសសម្រាប់ពិភាក្សាលើការងារ សហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែស​ង្វាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ និង​បានមាន​ប្រសាសន៍​រម្លឹកឡើងវិញនូវប្រសាសន៍ របស់ថ្នាក់ដឹកនាំអាស៊ានលើការជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ានឱ្យ​កើនឡើងបន្ថែមទៀត។

ជាមួយ​គ្នា​នេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏​បានគូសបញ្ជាក់បន្ថែមទៀតថា​ វិស័យទេស  ចរណ៍ជាវិស័យមានសក្ដានុពលមួយ និង​បាន​ស្នើឱ្យ​សហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ។

​ ឯកឧត្តមឯកអគ្គរាជទូត បាន​ឯកភាពទាំងស្រុង ជាមួយប្រសាសន៍របស់ឯកឧត្តមរដ្ឋ    ​ មន្ត្រី ព្រមទាំងពាំនាំប្រសាសន៍ទាំងនោះជូនទៅស្ថាប័នរបស់ម៉ាឡេស៊ីបន្តទៀត និង​បាន​មាន​ប្រសាសន៍ថា ការពង្រីកទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ពិតជាមានសារៈសំខាន់សម្រាប់សមាជិកអាស៊ានទាំងអស់។

ឯកឧត្តមឯក​អគ្គរាជទូត​បាន​គូសបញ្ជាក់ថា​ សម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាពេលខាងមុខ ភាគីម៉ាឡេស៊ីមានបំណងលើកប្រធានបទនេះ និងប្រធានបទមួយចំនួនទៀត រួមមាន៖ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ចជាដើម ដើម្បីពិភាក្សា ៕

ដោយ​ ទេស ច័ន្ទសុធារី​

រូបភាព៖ ក្រសួង​ពាណិជ្ជក​ម្ម​