ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ និយោជកកូរ៉េ ពេញចិត្តនឹងអត្តចរិត ការងាររបស់ពលករកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ -ភាពអត់ធ្មត់ព្យាយាមនឹងការងារ គួបផ្សំនឹងអត្តចរិតល្អរបស់ពលករកម្ពុជាដែលទៅធ្វើការនៅ សាធារណរដ្ឋកូរ៉េ ទទួលបាននូវការកោតសរសើរយ៉ាងពេញទំហឹងពីសំណាក់និយោជក និង ថ្នាក់ដឹកនាំកូរ៉េថែមទៀតផង។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ឯកឧត្តម អូ ណាក់យ៉ុង បានឱ្យដឹងក្នុងពេលជូនដំណើរពលករកម្ពុជា​ផ្នែក​ឧស្សាហកម្ម ចំនួន៣២នាក់ (ស្រី២នាក់) ចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីរសៀល​ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយពលករកម្ពុជា ឯកឧត្តម អូ ណាក់យ៉ុង បាន គូសបញ្ជាក់ថា ក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ប្រសិនបើមានបញ្ហាណាមួយ សូមពលករទាំងអស់ទាក់ទងទៅកាន់មជ្ឈមណ្ឌលគាំពារពលករបរទេស ដែលប្រចាំការនៅទី នោះស្រាប់ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមាននៅពេលធ្វើការនៅកូរ៉េ។ ឯកឧត្តម​បានលើកឡើងថា បើតាមមតិភាគច្រើនពីនិយោជកកូរ៉េដែលទទួលយកពលករកម្ពុជា បាន​ឱ្យដឹងថា ពួកគេពិតជាមានការពេញចិត្តចំពោះសមត្ថភាពការងារ និងភាពអត់ធ្មត់នឹងការងារ​របស់ពលករកម្ពុជាយ៉ាងខ្លាំង។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបាបន្ដថា ស្ថានទូតសាធារណរដ្ឋកូរ៉េ​ប្រចាំ​នៅកម្ពុជា នឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េ ឱ្យជួយបង្កើនកូតា ទទួលពលករកម្ពុជាឱ្យទៅ​ធ្វើការនៅសាធារណរដ្ឋកូរ៉េ​បន្ថែម​ទៀត ឱ្យបានកាន់ច្រើន។ ជាមួយ​គ្នា​នេះដែរ គិតមកដល់​ពេលបច្ចុប្បន្ន ពលករបរទេស​ដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ​មាន​ចំនួន១៦ប្រទេស ក្នុងនោះ​ចំនួនពលករកម្ពុជាពិតជា​មាន​កើនឡើង​កាន់តែច្រើន ក្នុងចំណោម​ពលករបរទេសដទៃទៀត។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបបណ្ដាលវិជ្ជាជីវៈ បាន មានប្រសាសន៍ណែនាំដល់ពលករទាំង៣២នាក់ ត្រូវប្រឹងប្រែងតស៊ូអត់ធ្មត់នឹងការងារ ប្រសិន បើចង់ផ្លាស់ប្ដូរការងារ ត្រូវជួបប្រឹក្សាយោបល់ជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស  ដែលនៅជិតកន្លែងការងារ ពីព្រោះបើផ្លាស់ប្ដូរការងារដោយចិត្តឯង អាចឈានដល់ការ ប្រព្រឹត្តខុសកិច្ចព្រមព្រៀង ក៏ដូចជាអាចប្រឈមនឹងបញ្ហានានាផងដែរ។ ឯកឧត្តមរដ្ឋលេខាធិ ការបានបង្ហាញការជឿជាក់ថា ពលករកម្ពុជាទាំងអស់ នឹងរក្សាបាននូវភាពថ្លៃថ្នូរ សម្រាប់ ប្រជាជាតិកម្ពុជាទាំងមូល និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ សុវត្ថិភាពក្នុង ការរស់នៅ និងការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ។

ឯកឧត្តម ហេង សួរ បានថ្លែងទៀតថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលករ របស់ខ្លួនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រមាណជាង៦ម៉ឺននាក់ ភាគច្រើនធ្វើការលើផ្នែក ឧស្សាហកម្ម បន្ទាប់មកមានផ្នែកកសិកម្ម និងសំណង់។ ឯកឧត្តមបានបន្តថា “បើតាមកូតា ដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជាឆ្នាំ២០១៩នេះ យើងទទួលបានកូតាចន្លោះពី ៤.០០០ នាក់ ទៅ៤.៥០០នាក់ បន្ថែមទៀត”។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា នៅសាធារណរដ្ឋកូរ៉េ មានប្រព័ន្ធគ្រប់គ្រង​ពលករបរទេសយ៉ាងល្អ ដោយសារនៅទីនោះមានមជ្ឈមណ្ឌលគាំពារពលករបរទេស​មិនតិច​ជាង៤០កន្លែងឡើយ ហើយនៅក្នុងមជ្ឈមណ្ឌលទាំងនោះតែងតែមានអ្នកចេះភាសារបស់​ពលករនៃប្រទេសនីមួយៗ តួយ៉ាងសម្រាប់ពលករកម្ពុជា គឺមានអ្នកចេះភាសាខ្មែរនៅប្រចាំ​ការក្នុងមជ្ឈមណ្ឌលទាំងនោះផងដែរ ខណៈពេលដែលពលករមានបញ្ហាណាមួយ ពលករអាច​ទំនាក់ទំនងតាមលេខទូរសព្ទ ពួកគេនឹងទទួលបានការជួយដោះស្រាយតែម្ដង។ ទន្ទឹមនេះ ក្រៅពីមជ្ឈមណ្ឌលគាំពារពលករនេះ កម្ពុជាក៏មានទីប្រឹក្សាការងារទទួលបន្ទុកពលករចំនួន ២នាក់នៅប្រចាំការអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េផងដែរ ព្រមជាមួយមន្ត្រីនៃ​គណៈ​​កម្មាធិការ​បណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ  រង់ចាំទទួលប្រឹក្សា និងជួយដោះស្រាយបញ្ហាការងារនៅសាធារណរដ្ឋកូរ៉េ​៕

ដោយ ប៊ុនរិទ្ធ