កិច្ចពិភាក្សាចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងផានចូវ ប្រទេសចិន និងខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូមកពីទីក្រុងផានចូវ ដឹកនាំដោយលោក លី លីងប៊ូ អភិបាលក្រុង ផានចូវ ខេត្ត   គួយចូវ ប្រទេសចិន ដើម្បីចងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ធំ ជាមួយរដ្ឋបាលទីក្រុងផានចូវ ក្នុងគោលបំណងផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ទៅលើគម្រោងវិនិយោគនៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលស្ថិតនៅចំណុចកណ្ដាលនៃប្រទេសកម្ពុជា ក្នុងនោះដែរមានផ្ទៃដីដាំដំណាំ ដូចជា៖ ស្វាយចន្ទី កៅស៊ូ ស្រូវ ដំឡូង និងដំណាំឧស្សាហកម្មផ្សេងៗទៀត ព្រមទាំងមានប្រាសាទសំបូរព្រៃគុក នឹងតំបន់ទេសចរណ៍ជាច្រើន ដែលគួរឱ្យទាក់ទាញផងដែរ។ ដោយឡែកចំពោះដំណាំស្វាយចន្ទី និងកៅស៊ូ មិនទាន់មានរោងចក្រសម្រាប់កែច្នៃនៅឡើយទេ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា នេះជាការបោះជំហានទៅមុខរបស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការចាប់ដៃ​ចង​សម្ព័ន្ធមេត្រីភាព លើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍខេត្តឱ្យកាន់រីកចម្រើន ស្រប​តាម​គោល​នយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

នៅក្នុងឱកាសនោះលោក លី លីងប៊ូ អភិបាលក្រុងផានចូវ បានថ្លែងអំណរគុណដល់​ភាគី​កម្ពុជា​ដែលបានទទួលស្វាគមន៍ ហើយបានលើកឡើងថា ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមកយ៉ាងស៊ីជម្រៅ បន្ទាប់ពីចុះហត្ថលេខាលើអនុស្ស      រណៈយោគយល់គ្នា នៅ​ពេល​វេលាសមស្របនាពេលខាងមុខនេះ ៕

ដោយ ស៊ុម វណ្ណា