អភិបាលខេត្តមណ្ឌលគិរី នាំអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋ នៅស្រុកកែវសីមា

AKP មណ្ឌលគិរី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ -ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរងគ្រោះ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកការនៃគណៈកម្មាធិការសាខា និងអនុសាខាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និង ជនចាស់ជរាចំនួន ៧១គ្រួសារ មកពី ៥ភូមិ ក្នុងឃុំមេម៉ង់ ដែលប្រព្រឹត្តទៅនៅសាលាឃុំមេម៉ង់ ស្រុកកែវសីមា ។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសាទឹកឆ្អិន និងដេកក្នុងមុខជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺផ្សេងៗទៀត។ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វ    អសិរពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញាប់ប្រញាលទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលឱ្យទាន់ពេលវេលា។ ក្រៅពីនោះក៏ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព កូនចៅតូចៗ កុំឱ្យលេងទឹក ដើម្បីបញ្ចៀសការលង់ទឹក ហើយពេលទឹកស្រកទៅវិញសូមបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមពូជដំណាំ និងត្រូវសហការជាមួយស្ថាប័នជំនាញ ដើម្បីស្តារលទ្ធកសិកម្មឡើងវិញ។

ទទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធររមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា ត្រៀមអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា បើសិនជាភ្លៀងនៅតែបន្តធ្លាក់។ ចំពោះអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋរងគ្រោះ និងជនចាស់ជរានាពេលនេះ គឺដើម្បីជួយសម្រាលនូវការខ្វះខាតមួយរយៈប៉ុណ្ណោះ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)