គ្រឿងឥស្សរិយយសព្រះចៅអធិរាជជប៉ុន បំពាក់ថ្វាយសម្ដេច នរោត្ដម សិរីវុឌ្ឍ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩​ — គ្រឿងឥស្សរិយយសព្រះចៅអធិរាជជប៉ុន ត្រូវបានបំពាក់ថ្វាយជូនសម្ដេច នរោត្ដម សិរីវុឌ្ឍ អតីតឧបនាយករដ្ឋមន្រ្ដី និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការទទួលស្គាល់ចូលរួមលើកកម្ពស់ទំនាក់ទំនង និងមិត្ដភាពរវាងជប៉ុន និងកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការបពាក់គ្រឿងឥស្សរិយយសព្រះចៅអធិរាជ​ជប៉ុន (Grand Cordon of the Order of the Rising Sun) ថ្វាយជូនសម្ដេច នរោត្ដម សិរីវុឌ្ឍ អតីតឧប នាយករដ្ឋមន្រ្ដី និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានេះ ដោយ មានការអញ្ជើញចូលរួមពីឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ កម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅនិវេសនដ្ឋានរបស់ឯកឧត្ដម ឯកអគ្គរាជទូត។

ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានលើកឡើងថា ការថ្វាយជូនគ្រឿងឥស្សរិយ​យសនេះ ត្រូវបានសម្រេចដោយគណៈរដ្ឋមន្រ្ដីនៃរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដើម្បីទទួលស្គាល់ការរួមចំណែករបស់សម្ដេច នរោត្ដម សិរីវុឌ្ឍ ក្នុងការពង្រឹង​ទំនាក់ទំនង និងមិត្ដភាពរវាងប្រទេសទាំងពីរ៕

ដោយ រិទ្ធី