វេទិកាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបលើកទី៣ នឹងធ្វើ​​នៅ​ថ្ងៃ​ស្អែ​ក​

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ — វេទិកាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និង​ទាស​ភាព​សម័យទំនើប លើកទី៣ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស​.២​៥​៦​៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលនិងពិព័រណ៍កោះពេជ្រ (អគារ K+ L) រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈ​កម្មាធិកា​រជាតិ​ប្រយុ​ទ្ធ​ប្រ​ឆាំងអំពើជួញ ដូរមនុស្ស​បានឱ្យ​ដឹ​ង​ថា វេទិកាជាតិ អន្តរសាសនា​ប្រឆាំ​ង​កា​រជួ​ញដូរមនុស្ស និងទាសភាព សម័យទំនើបនេះ បានសហកា​ររៀប​ចំ​ដោយ គណៈ​កម្មាធិកា​រជាតិ​ប្រយុ​ទ្ធ​ប្រ​ឆាំងអំពើជួញដូរ មនុស្ស ក្រសួងធម្មការ និងសាសនា និងអ​ង្គ​កា​រ​កា​រីតាសកម្ពុជា ដោយមានកា​រចូ​ល​រួ​ម​គាំ​ទ្រពី​ថ្នាក់ដឹកនាំសាសនារួមមាន ព្រះពុទ្ធសាសនា ឥស្លា​ម​សា​ស​នា កាតូលិក និងគ្រិស្តបរិស័ទ ដំណឹងល្អ និងអង្គការមិនមែនរដ្ឋាភិបាលដែ​លធ្វើការងារ​ប្រយុទ្ធប្រឆាំ​ងអំពើ​ជួញ​ដូរមនុស្សនៅ កម្ពុជា។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មា​ធិការ​ជា​តិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)​ នឹងអញ្ជើញជា អធិបតីដ៏ ខ្ពង់ខ្ពស់​ក្នុងពិធីដ៏មាន​សារៈសំ​ខា​ន់​ និងដ៏អធិកអធម នេះជាលើកទី៣ដោយមានថ្នាក់ដឹកនាំ ក្នុងរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា សាស​និក​នៃសាសនាធំៗទាំងបួន មន្ត្រីរាជការ យុវជនយុវនារី និងអង្គការដៃគូជាតិ និងអន្តរជាតិ​ នឹងអញ្ជើញ​ចូល​រួ​មប្រមាណ ១៧០០អង្គ/នាក់។

គោលបំណងបីសំខាន់ នៃវេទិកានេះគឺ៖ទី១. ដើម្បីលើកកម្ពស់សារៈសំខាន់នៃវេទិកា អន្តរសាសនានៅ​ព្រះរា​ជាណាចក្រកម្ពុជា ដែលបង្ហាញពីភាពសុខុដុមនៃសាសនានៅក្នុង ព្រះរាជាណាចក្រកម្ពុជា នាំមកនូវ​សន្តិភា​ពជាតិ ការគោរពសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងភាពរីកចម្រើនរបស់មនុស្សជាតិ។ ទី២.ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់ របស់ថ្នាក់ដឹកនាំ សាសនាទាំងឡាយ ក្នុងការផ្សព្វផ្សាយអប់រំនិងផ្តល់ចំណេះ ដឹងដល់ប្រជាពលរដ្ឋ អំពីសីលធម៌ក្នុងការរស់នៅចៀសវាងការរំលោភបំពាន អំពើជួញដូរ​កេងប្រ​វ័ញ្ច​គ្រប់​រូបភាពលើ មនុស្សផងគ្នា និងជួយណែនាំឱ្យចូលរួមបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឈានទៅលុបបំបា​ត់អំ​ពើ​ជួញដូរមនុស្ស ដែលជាទាសភាពសម័យ ទំនើបគួរឱ្យស្អប់ខ្ពើម។ សកម្មភាពជាច្រើន ដែលត្រូវបានរៀបចំក្នុងឱកាសនោះគឺ មានធម្មយាត្រាដង្ហែសារ និងចែកផ្សាយសារ ដែលមានខ្លឹមសារអប់រំ និងប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស សម្រាប់ផ្សព្វផ្សាយដល់សាធា​រណជ​នទ​ស្សនាពិព័រណ៍សកម្មភាពចូល រួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សុន្ទរកថា និងអនុសាសន៍​ដ៏​ខ្ព​ង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ប្រធានគ.ជ.ប.ជ ពិធីសូ​ត្រធ​ម៌ និងអធិដ្ឋាន បង្ហោះសាររួមគ្នា៕

ដោយ គង់ សិរីរ័ត្ន