ក្រសួងអប់រំ បង្ហាញលក្ខណៈវិនិច្ឆ័យនៃការផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំពីថ្នាក់ក្រោមជាតិ ដល់ថ្នាក់ជាតិ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញ​លក្ខ​ណៈ​​វិនិច្ឆ័យនៃការផ្តល់សេវា សាធារណៈគំរូក្នុងវិស័យអប់រំពីថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិ បន្ទាប់ពីវិ​ទ្យា​ល័​យ​​​ចំនួន១០ ជាប់ ជ័យលាភីនៃការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអ​ប់រំ យុវជន និងកីឡា បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជាAK​P​តា​មតេ​ឡេក្រាមឱ្យដឹងនៅថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩នេះថា ការ​ប្រកួតអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុ​ង​វិ​ស័យអប់រំ ត្រូវបានធ្វើឡើងនៅតាមវិទ្យាល័យ​ទាំងអស់នៅទូទាំងប្រទេស។​ ឯកឧត្ដមបន្ដថា ការប្រកួតនេះ ចែកចេញ​ជាពីរ​ដំណាក់​កាល​គឺ ដំណាក់កាលទី១ ចែកចេញជាពីរជំហាន ដោយជំហានទី១៖ ជាការវាយតម្លៃដោយគណៈ​កម្មការ​វាយតម្លៃក្រុង ស្រុក ខណ្ឌដែលដឹកនាំដោយអភិបាលក្រុង ស្រុក ខណ្ឌ ហើយលោក អភិបា​ល​ជា​ប្រ​ធា​​នគណៈកម្មការវាយតម្លៃ ដែលមានគណៈកម្មការចម្រុះមកពីការិយាល័យ ចំណុះដែលពាក់ព័ន្ធ បន្ទា​ប់​ពី​បា​ន​វា​យតម្លៃរួច គណៈកម្មការនេះត្រូវជ្រើសរើសយកបេក្ខភាព​ដែលជាអង្គភាព ក្នុងមួយក្រុង ស្រុក ខណ្ឌ​ចំនួ​ន២ ផ្ញើរទៅគណៈកម្មការវាយតម្លៃថ្នាក់ រាជធានី ខេត្ត ដើម្បីយកទៅប្រកួតនៅថ្នាក់រាជធានី ខេត្ត។​ ជំហា​ន​ទី២៖ ជាការវាយតម្លៃដោយ​គណៈ​កម្ម​ការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃថ្នាក់រាជធានីខេត្ត ហើ​​យ​ឯកឧត្តមអភិបាល​ជា​ប្រធានគណៈកម្មការវាយតម្លៃដែលមានគណៈកម្មចម្រុះមកពីមន្ទីរ អង្គភាពចំ​ណុះ​​​ដែល ពាក់​ព័ន្ធ បន្ទាប់ពីបានវាយតម្លៃ​រួចគណៈកម្មការនេះត្រូវជ្រើសរើស​យកអង្គភាពបេ​ក្ខភាព​ក្នុង​មួ​យ​​​រាជធានី ខេត្តចំនួន២ផ្ញើរទៅគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សាវាសាធារណៈ គំរូថ្នាក់ ជាតិ ដើ​ម្បី​យ​ក​ទៅប្រកួតនៅថ្នាក់ជាតិ ដែលមានទ្រង់ទ្រាយទូទាំងប្រទេស។

ឯកឧត្ដមបានលើកឡើងថា គណៈកម្មការនេះ ជាគណៈកម្ម​ការ​អន្ត​រ​ក្រ​សួង ដែលដឹក​នាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជាប្រធាន​គណៈកម្មការវាយតម្លៃ​អង្គ​ភា​ព​ផ្តល់សេវាសាធារណៈ​គំរូថ្នាក់ជាតិ​សម្រាប់វាយ​តម្លៃអ​ង្គ​ភា​ព​ផ្ត​ល់​សេវាសាធារណៈ​គំរូក្នុង វិស័យអប់​រំនឹង​វិ​ស័​យ​សុខាភិបាល។ សម្រាប់ដំណាក់កាលទី២ចែកចេញ ជាបីជំហានគឺ ជំហានទី១៖ គណៈកម្មការថ្នាក់ជាតិ បង្កើត​គណៈ​កម្ម​កា​រ​ប​ច្ចេ​កទេសអន្តរក្រសួងដើម្បីវាយ តម្លៃទៅលើសំណុំឯកសារដែលគណៈអភិបាលរាជធានី ខេត្តបានផ្ញើមក និ​ង​​ពិនិត្យវាយតម្លៃ លើការធ្វើបទបង្ហាញ និងការឆ្លើយសំណួររបស់​ប្រធាន​អង្គភាព​ផ្តល់​សេវាសាធារណៈគំរូដែ​​​ល មានចំនួន៤១ វិទ្យាល័យ ព្រោះខេត្តខ្លះផ្ញើមកចំនួន១ ឬចំនួន២។

ជាមួយគ្នានេះ បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃរួច គណៈកម្មការបច្ចេកទេសអន្តរ ក្រសួង​​បានជ្រើស​យក​អង្គភាព​ចំនួន​១៥​ ដើម្បីឱ្យគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវា សាធារណៈគំរូថ្នាក់ជាតិ ពិនិត្យវាយតម្លៃ​និង​សម្រេ​ច​​​យ​កបេក្ខភាពដែលជាអង្គភាពចំនួន១០។ ​ក្នុងការវាយតម្លៃនេះ គឺផ្អែកទៅលើលក្ខណៈវិនិច្ឆ័​យគោ​ល​ចំ​នួ​ន​៨ និងលក្ខណៈវិនិច្ឆ័យលម្អិត​ចំនួន​១៧១។ ជំហានទី២៖ គណៈកម្មការបច្ចេកទេសអន្តរក្រសួងចុះ​ទៅ​វា​យ​តម្លៃបេក្ខភាព ដែល​ជាអង្គភាព​ផ្តល់សេវា​សា​ធា​រណៈ គំរូដល់ទីតាំង ដោយពិនិត្យនិងវាយតម្លៃទៅតាម​ឧប​ករណ៍ដែលបានសម្រេច​គណៈ​កម្ម​កា​រ​ថ្នា​ក់​ជាតិ។ ១). ពិនិត្យទៅលើស្តង់ដារសេវាសា ធារណៈ, ២). ស្តង់​ដា​រ ឬនិយាមនៃការផ្តល់សេវា​សាធារ​ណៈ​ក្នុ​ង​វិ​ស័​យអប់រំ ៣).ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុសាធា​រណៈក្នុ​ងអ​ង្គ​ភា​ព ៤). ការគ្រប់គ្រងនិងការអភិវឌ្ឍធ​ន​ធា​ន​ម​នុ​ស្ស​ក្នុងអង្គភាព, ៥). ការរៀបចំ និងកា​រកែល​ម្អប​រិស្ថាន​អង្គ​ភា​ព ៦). ទំនាក់ទំនងជាមួយប្រជាពល​រដ្ឋស​ហ​គ​ម​ន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងចូលរួមវាយ​តម្លៃ​ពីការប្រើ​ប្រាស់​សេវា​សាធារណៈ ៧).ការដោះ​ស្រាយ បញ្ហា​ប្រ​ឈមជាមួយប្រជាពលរដ្ឋនិងសហគមន៍ និង ៨). ការផ្តួចផ្តើ​មគំនិតថ្មីៗ និងន​វានុវត្ត​ន៍​ដើ​ម្បី​ធ្វើ​ឱ្យ​​​អ​ង្គ​ភា​ព​​មា​នដំណើរការកាន់តែប្រសើរ។ នៅ​ក្នុងការចុះពិនិត្យ​វាយ​ត​ម្លៃ​​បេ​ក្ខភាព ដែលជាអង្គភាព​ផ្តល់សេ​វាសា​ធារ​ណៈ គំរូដល់ទីតាំងដើម្បីរៀបលំដាប់ពីលេខ១​ដល់​លេខ១០ តែក្នុងនោះយើងជ្រើសយក​អង្គភាព​ចំនួន​៥​ស​​ម្រាប់ឱ្យគណៈកម្មការវាយតម្លៃ អង្គ ភាពផ្តល់ សេវាសាធារណៈ គំរូថ្នាក់ជាតិ ពិនិត្យវា​យ​ត​ម្លៃ​និ​ង​ស​ម្រេ​ច​។

សម្រាប់ជំហានទី៣៖ បន្ទាប់ពីបានពិនិត្យនិងសម្រេចរួចរាល់ គណៈកម្មការវាយតម្លៃ​អង្គ​ភាពផ្តល់សេវាសាធារណៈ គំរូថ្នាក់ជាតិ បានអនុញ្ញាតឱ្យអង្គភាពទាំង៥ ឡើងមកធ្វើបទ​បង្ហាញនៅចំពោះមុខគណៈកម្មការវាយ​តម្លៃ​អង្គ​ភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ​ ហើយ ដែលអង្គភាពនីមួយៗមានរយៈ៦០នាទីបូក ​និងសំណួរ​ចម្លើ​យ។

បន្ទាប់មកទៀតក្រោយពីបានពិនិត្យសំណុំឯកសារ ការធ្វើបទបង្ហាញ និងសំណួរ ចម្លើយ​រួច​មក គណៈកម្ម​កា​រ​វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ បានរៀបចំ ចំណាត់​ថ្នាក់ពីលេខ១​ដល់​លេ​​ខ៥ និង​ពី​លេខ៦ដល់លេខ១០។ ចុងក្រោយបានលើក​សំណើ​ជូនប្រមុខ​រាជ​រដ្ឋាភិបាលពិនិត្យ សម្រេច និងចុះ​ហ​ត្ថ​លេខាលើបេក្ខភាព​ដែលជាជ័យ​លាភី​ទាំង១០។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះវិទ្យាល័យដែលទទួលបានជ័យលាភីមានចំនួន១០ ១).​ វិទ្យា​ល័យគឺ វិទ្យាល័យ​ពេជ្រចិ​ន្តា​​ខេត្ត​បា​ត់​​ដំបង ២). វិទ្យាល័យហ៊ុនសែនឧត្តរមាជ័យ​ខេត្តឧត្តរ​មានជ័យ ៣). វិទ្យាល័យហ៊ុនសែន ប្រសូតិ ខេត្ត​ស្វាយរៀង ៤). វិទ្យាល័យចំណេះ ទូទៅ និង​បច្ចេកទេសពួក ខេត្តសៀមរាប ៥). សម្តេចជាស៊ីម​អង្គ​រ​ជ័​យ ខេត្តកំពត ៦). វិទ្យាល័យកោះ​ស្តេច ខេត្តកោះកុង ៧). វិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្ត​សៀម​រាប ៨). ​វិ​ទ្យា​ល័​យចំណេះទូទៅនិងបច្ចេកទេសអនុវត្តន៍ កំពង់ឈើទាល ខេត្តកំពង់ធំ ៩). វិទ្យាល័​យហ៊ុ​ន​សែ​ន​ ប៊ុនរ៉ានី វត្តភ្នំ រាជ​ធា​នី​ភ្នំ​ពេញ និង១០). វិទ្យាល័យអង្គរកា ខេត្តតាកែវ។

សម្រាប់ជ័​យ​លា​ភីដែលទទួលបានក្នុងឆ្នាំ២០១៩នេះ ក្រៅ​ពី​វិស័យអប់រំគឺ​អង្គភាពផ្តល់​សេវាសា​ធារណៈគំរូ​ក្នុង​វិស័​យ​សុ​ខា​ភិបាលចំនួនបី (មាន​៣កម្រិត)គឺ មន្ទីរ​ពេ​ទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់(CPA1) មន្ទីរ​ពេទ្យ​បង្អែ​ក​ខេ​ត្តកោះ​កុង​(CPA2) និងម​ន្ទី​រ​ពេ​ទ្យ​ប​ង្អែ​ក​ខេត្តកំពង់​ចាម(CPA3)។ ​ក្នុងពិធី​ប្រកាស​ទទួលស្គា​ល់ជ័​យ​លា​ភី ជូនដល់អង្គភាពផ្តល់សេ​វាសាធារ​ណៈគំ​រូ​ក្នុ​ងវិស័យអប់រំ និងវិ​ស័​យ​សុ​ខាភិបាល នៅវិទ្យាស្ថានជាតិអប់រំ  កាលពី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដោយមានការ​អញ្ជើញ​ចូលរួមពីឯកឧ​ត្ត​ម​អ​គ្គ​ប​ណ្ឌិ​ត​ស​ភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដោយ គង់ សិរីរ័ត្ន