តំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានទទួលស្គាល់ជាតំបន់នៃបណ្តាញផ្លូវហោះហើរ សត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ទីមួយរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ — អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife) បានចេញផ្សាយនៅក្នុងសារអេឡិកត្រូនិច របស់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ថា តំបន់ការពារទេសភាពអន្លង់ព្រីង ដែលមានក្រឡាផ្ទៃសរុប ២១៧ហិកតា ត្រូវបានទទួលស្គាល់ជាតំបន់នៃបណ្តាញផ្លូវហោះហើរ សត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ដោយលេខាធិការដ្ឋាន កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។

គួរបញ្ជាក់ថា តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវ បានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ ផ្លូវ ហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញ ពីតំបន់ភូមិសាស្ត្រមួយ ដែលសត្វ ស្លាបទេសន្តរប្រវេសន៍ជាច្រើនធ្វើការបម្លាស់ទីពីជម្រកពងកូន ទៅទីសំចត និងទីតាំងស្វែងរក ចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំរបស់ពួកវា។ បច្ចុប្បន្ននៅលើពិភពលោកមាន ផ្លូវហោះហើរចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរ អាស៊ី ខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកនៃកិច្ចសហប្រតិបត្តិការ អន្តរជាតិនៃភាពជាដៃគូ ផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលីចាប់តាំងពីឆ្នាំ២០០៧ ដែលមាន ក្រសួង បរិស្ថានជាសេនាធិការ។ តំបន់ការពារទេសភាពអន្លង់ព្រីងបានផ្តល់ជាទីជម្រក និងប្រភព ចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាល ឆ្នូតស។ល។ ជាទូទៅពួកវាមកដល់តំបន់ដីសើម នេះក្នុងកំឡុង ខែធ្នូ ដើម្បីរកចំណី ហើយនៅដើមខែឧសភា សត្វស្លាបទេសន្តរ ប្រវេសន៍ទាំងនោះធ្វើការផ្លាស់ទីទៅកាន់ទីតាំងពងកូនដើម្បីបន្តពូជ។

លេខាធិការដ្ឋាននៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ថ្លែងថា “យើងសូមអបអរសាទរដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតំបន់ការពារ ទេសភាពអន្លង់ព្រីង ត្រូវបានទទួលស្គាល់ជាតំបន់នៃបណ្តាញផ្លូវហោះហើរ សត្វស្លាបអាស៊ី ខាងកើត-អូស្រ្តាលី”។

លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិ មាន ប្រសាសន៍ថា “ក្នុងនាមអង្គការទាំងអស់ ដែលបានគាំទ្រក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ ការពារទេសភាពអន្លង់ព្រីង យើងសង្ឃឹមថាការទទួលស្គាល់តំបន់នេះជាតំបន់នៃបណ្តាញ ផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលីទីមួយនៅព្រះរាជាណាចក្រកម្ពុជា នឹងលើក ទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជំរុញប្រជាសហគមន៍ឱ្យមានការចូលរួម ក្នុងការការពារ និងប្រើប្រាស់ធនធានតំបន់ដីសើមនេះដោយមាននិរន្តភាព”។

លោក បណ្ឌិត ស្រី ស៊ុនលាង ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន មានប្រសាសន៍ថា “ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ គឺទាមទារឱ្យមានការចូលរួមការពារតំបន់ដីសើម សំខាន់ៗដែលជាជម្រកពងកូន ទីសំចត និងទីតាំងរកចំណីពីបណ្តាប្រទេសទាំងអស់ក្នុង ផ្លូវហោះហើររបស់ពួកវា។ យើងមានមោទនភាពដែលតំបន់ការពារទេសភាព អន្លង់ព្រីង ត្រូវបានទទួលស្គាល់ និងដាក់បញ្ចូលជាតំបន់នៃបណ្តាញផ្លូវ ហោះហើរសត្វស្លាប អាស៊ីខាង កើត-អូស្ត្រាលី”។

សមាជិករបស់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាប អាស៊ីខាងកើត-អូស្រ្តាលី គឺមានកាតព្វកិច្ចក្នុងការដាក់តំបន់ដីសើមដែលមានសារៈសំខាន់ ដល់សត្វស្លាបទេសន្តរប្រវេសន៍ជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។ តំបន់ទាំងនោះត្រូវបានជ្រើសរើសដោយមានលក្ខណៈវិនិច្ឆ័យផ្អែកទៅលើសារៈ សំខាន់នៃកត្តាជីវៈចម្រុះ និងមុខងារអេកូឡូស៊ីរបស់តំបន់នោះ ជាពិសេសផ្តល់ជាទីជម្រក ដ៏សំខាន់ដល់សត្វស្លាបទេសន្តរប្រវេសន៍ក្នុងវដ្តជីវិតរបស់ពួកវា។ បច្ចុប្បន្នតំបន់ដីសើម សំខាន់ៗដែលបានដាក់បញ្ចូលជាតំបន់ នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលីមានចំនួន ១៤៤កន្លែង ដែលបង្កើតបានជាបណ្តាញដ៏ធំមួយក្នុងការអភិរក្សសត្វ ស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។

ជាមួយគ្នានោះដែរ លោកក៏សូមថ្លែងអំណរគុណដល់លេខាធិការដ្ឋាននៃភាពជាដៃគូផ្លូវ ហោះហើរសត្វស្លាបអាស៊ី ខាងកើត-អូស្រ្តាលី ដែលបានគាំទ្រហិរញ្ញវត្ថុសម្រាប់រៀបចំ កិច្ចពិភាក្សាពិគ្រោះយោបល់ នៃដំណើរដាក់បញ្ចូលតំបន់នេះជាតំបន់ដែលមានសារៈសំខាន់ ជាអន្តរជាតិសម្រាប់សត្វស្លាបទេសន្តរប្រវេសន៍។ គម្រោងគ្រប់គ្រង និងអភិរក្សតំបន់ការពារ ទេសភាពអន្លង់​ព្រីងអនុវត្តន៍ដោយក្រសួងបរិស្ថានដោយសហការជាមួយអង្គការBirdLife អង្គការWWT និង អង្គការជីវិតធម្មជាតិកម្ពុជា៕

ដោយ ណយ នឿន (ប្រភព អង្គការ BirdLife)