សមាគមស្បែកជើងកម្ពុជា និងធនាគារឯកទេសវីង ចុះអនុស្សរណៈយោគយល់គ្នាលើការ បើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធ ឌីជីថលដល់និយោជិត

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩ — សមាគមស្បែកជើងកម្ពុជា (CFA) និងធនាគារឯកទេសវីង បានចុះហត្ថលេខាលើ កិច្ច​សហការសេវា បើកប្រាក់បៀវត្សរ៍បែប ឌីជីថល វីង ប៊ីស ផ្លឺស (Wing Biz+) ដើម្បីផ្តល់​មធ្យោបាយហិរញ្ញវត្ថុ ងាយស្រួលបំផុតដល់ បុគ្គលិក និងនិយោជិតរបស់ខ្លួន។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហការសេវាបើកប្រាក់បៀវត្សរ៍បែប ឌីជីថល វីង ប៊ីស ផ្លឺស (Wing Biz+) នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ប្រធានសមាគមស្បែកជើងកម្ពុជា លោកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា “ដូចដែលយើងដឹងថាបទប្បញ្ញត្តិថ្មី​តម្រូវឱ្យ​រោង​ចក្រ សហគ្រាស ធ្វើការបើកប្រាក់ឈ្នួលកម្មករចំនួនពីរដងក្នុងមួយខែ ហើយវីងគឺជាជម្រើស​មួយដ៏ត្រឹមត្រូវរបស់សមាគមយើង”។ លោកឧកញ៉ាបន្ដថា សមាគមស្បែកជើងកម្ពុជា ស្វាគមន៍ និងរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយវីង ដើម្បីទទួលបានសេវាកម្មដែល​មាន​អត្ថប្រយោជន៍ច្រើនសម្រាប់សមាជិក កម្មករនិយោជិត របស់យើង។ លោកបានបន្ថែមថា “ការប្រើប្រាស់សេវាកម្មទូទាត់ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពដែលផ្តល់ជូនដោយ ធនាគារឯកទេសវីង គឺជាជម្រើសដ៏ជឿជាក់មួយ ព្រោះយើងតែងតែស្វែងរកវិធី ជាមួយនឹង បច្ចេកវិទ្យាទំនើប ដើម្បីកែលម្អជីវិតសមាជិក កម្មករនិយោជិត របស់យើង”។

អគ្គនាយករងធនាគារឯកទេសវីង លោក ហោ ប៊ុនថែ បានមានប្រសាសន៍ថា បន្ថែម​លើការផ្តល់មធ្យោបាយងាយស្រួលដល់កម្មកររោងចក្រ ក្នុងការទូទាត់វិក្កយបត្រទឹក ​ភ្លើង ប្រចាំ​ខែ ការផ្ទេរប្រាក់ និងដកប្រាក់ វីងក៏នឹងអនុញ្ញាតឱ្យសមាគមស្បែកជើងកម្ពុជា ទទួល បាននូវសេវាកម្ម បើកប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិក និងដំណោះស្រាយសម្រាប់ការ ទូទាត់ អាជីវកម្មខ្នាតតូចនិងមធ្យមផងដែរ”។ លោកបានបន្ដថា ភាពជាដៃគូនេះ មានគោលបំណង មិនត្រឹមតែជួយឱ្យសមាជិកសមាគមស្បែកជើងកម្ពុជា មានភាពងាយស្រួលលើសេវាកម្ម ហិរញ្ញវត្ថុ សម្រាប់កម្មកររោងចក្រ ១៣ម៉ឺននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ការរីក​ចម្រើននៃឧស្សាហកម្មស្បែកជើងនៅកម្ពុជា ដោយជួយធ្វើឱ្យប្រព័ន្ធទូទាត់ដែលមានរួម បញ្ចូល​នូវការរចនា និងការច្នៃប្រឌិតខ្ពស់ផ្តោតលើអ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា ធនាគារឯកទេសវីង គឺជាអ្នកផ្តល់សេវាកម្មធនាគារទូរសព្ទចល័ត ដំបូងគេនៅកម្ពុជា ហើយបង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង បានផ្តល់ជូន​នូវសេវា​កម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់ និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹក ប្រាក់ ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់ អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក៕

ដោយ ម៉ៅ ចរិយា