អាជ្ញាធរជាតិអប្សរាទុករយៈពេល៤៥ថ្ងៃ ឱ្យអាជីវករ និងភ្ញៀវទេសចរបញ្ឈប់សកម្មភាពក្រាល កន្ទេល និងដាក់អង្រឹងនៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ — យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ ២០១៩នេះ បាន​បង្ហាញថា បច្ចុប្បន្នមានបងប្អូនអាជីវករ និងភ្ញៀវទេសចរមួយចំនួនបាន ក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារផ្សេងៗនៅបរិវេណជុំវិញត្រពាំងសេសមុខប្រាសាទព្រហ្ម កិល និងនៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែកាយ។

សកម្មភាពទាំងនេះ បានប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះ ពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សារធារណៈនៃរមណីយដ្ឋានអង្គរ។ កន្លងមកក្រុមការងារ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ និងអាជ្ញាធរ មូលដ្ឋាន ធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពទាំងនេះប៉ុន្តែ នៅតែមានបងប្អូនអាជីវករ និងភ្ញៀវ ទេសចរមួយចំនួនមិនព្រមបញ្ឈប់សកម្មភាពទាំងនេះទេ ដោយយកតែប្រយោជន៍ បុគ្គលជាចម្បង។

ក្នុងន័យនេះ ដើម្បីលើកកម្ពស់ និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ ក៏ដូច ជាកិត្តិយសជាតិអាជ្ញាធរជាតិអប្សរា សូមឱ្យបងប្អូនអាជីវករ និងភ្ញៀវទេសចរទាំងអស់ ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេលដាក់អង្រឹង និងសម្ភារផ្សេងៗនៅបរិវេណ ជុំវិញត្រពាំងសេសមុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដោយទុក រយៈពេល៤៥ថ្ងៃ(សែសិបប្រាំថ្ងៃ) គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ករណីបង ប្អូនអាជីវករ និងភ្ញៀវទេសចរនៅតែបន្តសកម្មភាពទាំងនេះ គណៈកម្មការដឹកនាំ និងសម្រប សម្រួលរៀបចំសណ្តាប់ធ្លាប់អ្នកលក់ដូរនៅក្នុងរមណីយដ្ឋានអង្គរនឹងអនុវត្តន៍វិធានការរដ្ឋបាល រឹបអូសសម្ភារៈទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ។

ជាមួយគ្នានេះផងដែរ ប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់ទុកថាតំណាងឱ្យចក្រវាឡ។ គ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ដូចជាប្រាង្គប្រាសាទ កសិន្ធុទឹក ទីធ្លាជុំវិញ សុទ្ធតែជាទីសក្ការបូជា ព្រោះក្នុងជំនឿសាសនា ប្រាង្គប្រាសាទគឺជាតំណាងភ្នំព្រះសុមេរុ ហើយកសិន្ធុទឹកតំណាងឱ្យមហាសមុទ្រដែល ព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។

ទន្ទឹមនឹងនេះ ប្រជាជនខ្មែរតែងតែសម្លឹងមកប្រាសាទអង្គរប្រកបដោយក្តី មោទនៈ ជាទីបំផុតនៅពេលដែលគេរំឭកអំពីភាពរុងរឿងដ៏អស្ចារ្យរបស់ជាតិខ្មែរនាពេលអតីតកាល។ ដូច្នេះ យើងគួរគប្បីចូលរួមទាំងអស់គ្នាប្រកបដោយឆន្ទៈគោរពប្រតិបត្តិគ្រប់ផ្នែកទាំងអស់ នៃប្រាសាទអង្គរ ចាត់ទុកជាទីសក្ការបំផុត៕

ដោយ ឃុត សៅ