ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ ខេត្ដសៀមរាប នឹងទទួលបានភ្លើងអគ្គិសនីប្រើប្រាស់​នៅគ្រប់ ភូមិ ឃុំ នាដើមឆ្នាំ២០២០ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩​ — ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងស្រុកក្រឡាញ់ ខេត្ដ សៀមរាប នឹងទទួលបានការតបណ្ដាញអគ្គិសនីសម្រាប់ប្រើប្រាស់នៅគ្រប់ភូមិនិងឃុំទាំងអស់ ទូទាំងស្រុក ចាប់ពីដើមឆ្នាំ២០២០ខាងមុខតទៅ។ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានគូសបញ្ជាក់ថា បន្ទាប់ពីបានធ្វើ​ការពិភាក្សា និងសិក្សាជាមួយអ្នកផ្គង់ផ្គង់អគ្គិសនីនៅក្នុងតំបន់ស្រុកក្រឡាញ់រួចមក អាជ្ញាធរ​អគ្គិសនីកម្ពុជាក៏បានជំរុញឱ្យរៀបចំផែនការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិ ឃុំ ដែលពុំទាន់មាន​អគ្គិសនីប្រើប្រាស់ដោយតភ្ជាប់បណ្ដាញអគ្គិសនី ឱ្យបានរួចរាល់នៅចុងឆ្នាំ២០១៩នេះ។ ឯកឧត្ដមបានបន្ដថា អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានណែនាំដល់អ្នកកាន់អាជ្ញាប័ណ្ណ ក៏ដូចជា​ក្រុមហ៊ុនចែកចាយអគ្គិសនីនៅក្នុងស្រុកក្រឡាញ់ ពិនិត្យមើលស្ថានភាពផ្គត់ផ្គង់អគ្គិសនី​នៅ​តំបន់នោះដោយពន្លឿនការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលពុំទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ នៅក្នុងឃុំស្នួល ឃុំស្រណាល និងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្ដសៀមរាប។

ការលើកឡើងរបស់ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជានេះ ធ្វើឡើងគឺដើម្បីឆ្លើយតបទៅនឹង លិខិតស្នើសុំរបស់ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ ខេត្ដសៀមរាប ក្នុងការសុំឱ្យអាជ្ញាធរអគ្គិសនី   កម្ពុ​ជា ជួយជំរុញដល់ក្រុមហ៊ុន និងសេវាករអគ្គិសនីពន្លឿនការតបណ្ដាញអគ្គិសនីឱ្យបានគ្រប់ ភូមិ ឃុំ និងដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋស្រុកក្រឡាញ់ ខេត្ដសៀមរាប។

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថា តាងនាមឯកឧត្ដម ជាប្រធាន​ក្រុម​ការងារថ្នាក់ ជាតិចុះ​ជួយស្រុកក្រឡាញ់ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាជនស្រុក​ក្រឡាញ់ ខេត្តសៀមរាបទាំងអស់សូមថ្លែងអំណរគុណដល់ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញា​ធរអគ្គិសនីកម្ពុជា និងសហការី ដែលបានជួយជំរុញឱ្យស្រុកក្រឡាញ់ មានអគ្គិសនីប្រើប្រាស់​ទូទាំង ស្រុក​ទាំង​មូលក្នុងដើមឆ្នាំ២០២០ខាងមុខនេះ បាន១០០ភាគរយ។ ឯកឧត្ដមបាន​រម្លឹកថា ស្រុកក្រឡាញ់ កាលពីអតីតកាលគឺជាតំបន់សមរភូមិសង្គ្រាមដ៏ក្ដៅគគុក កុំថាឡើយ​អគ្គិសនី សូម្បីតែអង្គុយ​ហូបបាយក៏មិនត្រង់មាត់ផងព្រោះតែសង្គ្រាម។ ឯកឧត្ដមបានបន្ថែម​ថា បច្ចុប្បន្ននេះ ដោយសារតែ​ប្រទេសមានសុខសន្តិភាពភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណចក្រកម្ពុជាបានធ្វើឱ្យតំបន់​សមរភូមិប្រែក្លាយជាតំបន់អភិវឌ្ឍន៍៕

ដោយ រិទ្ធី