មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ ចុះត្រួតពិនិត្យទំនិញនៅផ្សារត្រពាំងអណ្តើក

AKP តាកែវ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យនិងធ្វើតេស្តបឋមទៅលើទំនិញ និងចំណីអាហារជាច្រើនមុខនៅក្នុងផ្សារ ត្រពាំងពណ្តើក​ ដែលស្ថិតនៅក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក ប៉ោ លាងគង់ មានប្រសាសន៍ឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្យទំនិញនេះ មន្ត្រីជំនាញរបស់យើងបានធ្វើតេស្តបឋម ទៅលើចំណីអាហារមួយចំនួនធំ និងពិនិត្យទៅលើគ្រឿងកំប៉ុងឃើញថា មានភាពត្រឹមត្រូវច្រើន ពោលគឺរកពុំឃើញមានសារធាតុគីមី និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់អ្វីឡើយ។ ព្រោះតែពេលនេះបងប្អូនអាជីវករយើងមានការយល់ដឹងច្រើនអំពីសុវត្ថិភាពចំណីអាហារ និងគិតគូរពីសុវត្ថិភាពដល់អ្នកទិញយកទៅបរិភោគ។ ពិសេសតាមរយៈការចុះត្រួតពិនិត្យជាប់ជាប្រចាំក៏ដូចជាការអប់រំណែនាំបន្ថែមពីមន្ត្រីជំនាញកាំកុងត្រូល។

លោក ប៉ោ លាងគង់ មានប្រសាសន៍បន្តថា សុវត្ថិភាពចំណីអាហារនេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សទូទៅ។ ព្រោះបើកាលណាក្រុមអាជីវករលក់ទំនិញនិងចំណីអាហារដែលមានអនាម័យល្អត្រឹមត្រូវគ្មានជាតិគីមី វានឹងធ្វើឱ្យសុខភាពល្អរឹងមាំ ចៀសផុតពីជំងឺផ្សេងៗ។ ដូច្នេះបញ្ហាសុវត្ថិភាពចំណីអាហារនេះ ក្នុងនាមយើងជាមន្ត្រីជំនាញកាំកុងត្រូល គឺត្រូវចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារជាប់ជាប្រចាំ ពោលគឺមិនឱ្យទីផ្សាររបស់យើងពោរពេញទៅដោយអាហារ និងទំនិញមិនស្អាតនោះទេ។

លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នបងប្អូនអាជីវករភាគច្រើនដែលដាក់លក់ទំនិញនៅលើទីផ្សារ ពួកគាត់បានយល់ដឹងកាន់តែច្រើនពីសុវត្ថិភាពចំណីអាហារ។ ដោយពួកគាត់ដាក់លក់ទំនិញ និងចំណីអាហារដែលមានអនាម័យត្រឹមត្រូវ និងរកពុំឃើញសារធាតុគីមីដាក់នៅលើចំណីអាហារទេ។ ការយល់ដឹងច្រើនរបស់​បងប្អូនអាជីវករចំពោះសុវត្ថិភាពចំណីអាហារ វានឹងនាំឱ្យទីផ្សាររបស់យើងក្លាយជាទីផ្សារដែលមានសុវត្ថិភាព មានអនាម័យ និងគ្មានការប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគឡើយ៕

ដោយ អ៊ុច  សៀង