រដ្ឋបាលខេត្តបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យច្រកចេញ-ចូលតែមួយ នៅស្រុកចំនួន៤

AKP បាត់ដំបង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ -នៅស្រុកំរៀង កាលពីថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យច្រកចេញ-ចូលតែមួយ និង ដាក់ឱ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ចំនួន ៤ស្រុក មានដូចជា៖ រដ្ឋបាលស្រុកកំរៀង រដ្ឋបាលស្រុកសំពៅលូន រដ្ឋបាលស្រុករតនមណ្ឌល និងរដ្ឋបាលស្រុកបាណន់ ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ។

ឯកឧត្តម ងួន រតនៈ បានណែនាំឱ្យរដ្ឋបាលស្រុកគោលដៅទាំង ៤គឺ ស្រុកកំរៀង ស្រុកសំពៅលូន ស្រុករតនមណ្ឌល និង ស្រុកបាណន់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារសំខាន់ៗមួយចំនួន ដូចជា៖ ទី១-អនុវត្តន៍ឱ្យមានប្រសិទ្ធភាព នូវយន្តការការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ស្របតាមលិខិតបទដ្ឋានគតិយុត្ត និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីតារាងតម្លៃសេវាផ្សេងៗជូនប្រជាពលរដ្ឋ។ ទី២-ផ្តល់សេវារដ្ឋបាលត្រូវធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ការឆ្លើយតប សមធម៌ និងការចូលរួមរបស់ប្រជាពលរដ្ឋ។ ទី៣-ត្រូវបិទផ្សាយតារាងតម្លៃសេវាជាសាធារណៈ នៅតាមទីសាធារណៈផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការមើល។ ទី៤-ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាពង្រឹងរាល់ការផ្តល់សេវារដ្ឋបាលតាមគោលការណ៍ និងនីតិវិធី ដែលបានកំណត់។ ទី៥-ត្រូវដាក់វិន័យរដ្ឋបាលចំពោះមន្ត្រីរាជការ បុគ្គលិក ដែលបង្កភាពថ្នាំងថ្នាក់ ដោយអសកម្ម មិនយកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាល ។

ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញកាត់ខ្សែបូ ដាក់ឱ្យប្រើប្រាស់អគារការិយាល័យច្រកចេញ-ចូលតែមួយ និងដាក់ឱ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកកំរៀង រដ្ឋបាលស្រុកសំពៅលូន រដ្ឋបាលស្រុករតនមណ្ឌល និង រដ្ឋបាលស្រុកបាណន់ ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)