ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅរកការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជារឿងចាំបាច់មួយ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ការគ្រប់ គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ កាលពីថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្នក្រៅពីបានធ្វើទំនើបកម្មក្រសួងនោះ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តន៍នូវប្រព័ន្ធរដ្ឋបាលទំនើប និងការលើកកម្ពស់សមត្ថភាពមន្រ្តីជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសតាមរយៈការបណ្តុះបណ្តាលផ្សេងៗក្នុងក្របខ័ណ្ឌផ្ទៃក្នុង និងខាងក្រៅ ជាមួយវាគ្មិនជំនាញៗ ប្រកបដោយគុណវឌ្ឍ។

នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះដដែលនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ នូវអនុសាសន៍គន្លឹះទាក់ទងនឹងបច្ចុប្បន្នភាពនយោបាយលើសកលលោក សាវតាប្រវត្តិសាស្រ្តកម្ពុជា និងចក្ខុវិស័យឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ រួមមាន៖ ១-ធា នាឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ ។ ២-បង្កើនការងារធ្វើជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្រទាប់យុវជន ។ ៣-សំដៅកាត់បន្ថយភាពក្រីក្រឱ្យស្ថិតក្រោម១០ភាគរយ និងធ្វើយ៉ាងណាកាត់បន្ថយគម្លាតរវាងអ្នកមាន ធម្យម និងក្រីក្រ។ ៤-ពង្រឹងអភិបាលកិច្ច និងគ្រប់គ្រង សំដៅកសាងធនធានមនុស្ស និងរដ្ឋបាលទំនើប ។

ទាក់ទងនឹងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការទទួលបន្ទុកបណ្តុះបណ្តាល បានមានប្រសាសន៍ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាព មន្ត្រីរាជការវ័យក្មេងដែលបានប្រឡងជាប់ក្របខ័ណ្ឌថ្មីរបស់ក្រសួងបរិស្ថានជារៀងរាល់ឆ្នាំ ឱ្យមានមូលដ្ឋានគ្រឹះ និងចំណេះដឹង ចំណេះធ្វើ ការងារគ្រប់គ្រងវិស័យបរិស្ថាន ក៏ដូចជាឆ្លើយតបនឹងការកែទម្រង់លើវិស័យ កសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអនុវត្តន៍ការងាររបស់ក្រសួង និងអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតឱ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។

វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ដែលក្រសួងកំពុង រៀបចំក្នុងថ្ងៃនេះ ត្រូវបានចាត់ទុកជាធាតុចូលយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួង ដើម្បីប្រែក្លាយជារដ្ឋបាលទំនើប សំដៅឈានទៅសម្រេចគោលបំណងគោលនយោបាយ នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តភាព។ ជាការពិតណាស់ ការកសាង និង អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការវ័យក្មេង ជាថ្នាលបណ្ដុះនូវធនធានមនុស្សសម្រាប់ជាអ្នកបន្តវេនក្នុងកិច្ចអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គមនៃប្រទេសជាតិ ក៏ដូចជាការផ្ដល់មូលដ្ឋានគ្រឹះ សម្រាប់មន្ត្រីរាជការក្របខ័ណ្ឌថ្មី ឱ្យបានយល់ដឹងអំពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនទីឯកភាពការងារ រចនា     សម្ព័ន្ធរបស់ក្រសួង រចនាសម្ព័ន្ធរបស់មន្ទីរបរិស្ថានរាជធានី ខេត្ត ការងារយេនឌ័រ និងការងារស្នូលរបស់ក្រសួងទាំងមូល ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “ ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ” (ជំនាន់ទី៣) មានរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សម្រាប់សិក្ខាកាមជាមន្ត្រីរាជការចំនួន ៧១រូប ជាមន្ត្រីក្របខ័ណ្ឌ ឆ្នាំ២០១៨ ទីស្ដីការក្រសួងបរិស្ថាន មន្ត្រីក្របខ័ណ្ឌឆ្នាំ២០១៦ថ្នាក់រាជធានី ខេត្ត និងមន្ត្រីឧទ្យានុរក្សថ្នាក់ខេត្តឆ្នាំ២០១៧ រៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងបរិស្ថាន ដោយមានប្រធានបទចំនួន៨ និងប្រធានបទរងចំនួន ៣៨  ៕

ដោយ ពេជ្រ ណារិទ្ធ