ប្រជាពលរដ្ឋនៅស្រុកកូនមុំ ដែលរងគ្រោះដោយទឹកជំនន់ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

AKP រតនគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ -ប្រជាពលរដ្ឋប្រមាណ ៦០០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។ ពិធីចែកអំណោយខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី និង ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពជា។

ឯកឧត្តម​ គន់ គីម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសាទឹកឆ្អិនជានិច្ច និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពឹសទាំងឡាយ ប្រសិនបើមានពស់ចឹកសូមប្រញាប់ប្រញាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី ទទួលការព្យាបាលបានទាន់ពេលវេលា ។ ក្រៅពីនោះក៏ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព កូន ចៅតូចៗកុំឱ្យលេងទឹក ដើម្បីបញ្ចៀសការលង់ទឹក ។ ដោយឡែកក្នុងពេលទឹកស្រកទៅវិញនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវត្រៀមនូវពូជដំណាំ និងសហការជាមួយស្ថាប័នជំនាញ ដើម្បី ស្ដារលទ្ធភាពកសិកម្មឡើងវិញ ។

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាមមី១កេស ត្រីខ១យួរ ឃីត១កញ្ចប់(មុង១ ភួយ១ ក្រមា១ និងសារុង១) និងប៊ីដុងទឹកចំណុះ ៣០លីត្រ ចំនួន១ផងដែរ ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តរតនគិរី)