ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយអំពីសក្តានុពលកម្ពុជា ដើម្បីបង្ហាញឱ្យធុរជនចិន ចូលមកវិនិយោគថែមទៀតនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបង្ហាញជូនអ្នកវិនិយោគចិន ខេត្តគួយចូវ អំពីសក្តានុពល​សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងកំណែទម្រង់ និងវិធាន​ការសំខាន់ៗរបស់​រាជ​រដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច, វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បី ទាក់ទាញការបណ្តាក់ទុនបន្ថែមពីប្រទេសចិន លើវិស័យអទិភាពសំខាន់ៗនៅកម្ពុជា។ ការ បង្ហាញនេះ បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព វេទិកាធុរកិច្ចកម្ពុជា-ថួឡឹ (ឈ្មោះ ភូមិក្នុងខេត្តគួយចូវ) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន នៃប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើង​អំពីវឌ្ឍនភាព​នៃទំនាក់ ទំនងកម្ពុជា-ចិន ដែលត្រូវបានដំឡើងរហូតដល់កម្រិតកំពូលគឺ “ភាពជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយ” តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់​ខ្ពស់នៃ ប្រទេស​ទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់តាំងពីនយោបាយ កាទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ជាដើម។ល។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី លីងបូ លេខា​ធិការ​រងបក្សកុម្មុយនីស្ត និងជាអភិបាលទីក្រុងផានចូវ ដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីក​ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តគួយចូវ ព្រមទាំងជំរុញការវិនិយោគ​ទៅវិញទៅ​មក។ ឯកឧត្តមក៏បានអំពាវនាវដល់វិនិយោគិនចិន ចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា និងបានសន្យាផ្តល់ជូនការសម្របសម្រួលពិសេស ចំពោះគម្រោងវិនិយោគនានា ជាមួយ បរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេសសន្តិភាព សន្តិសុខ និងស្ថិរភាពនយោ​បាយ ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។

ឯកឧត្តម លី លីងបូ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានចែក​រំលែក​ព័ត៌មានសំខាន់ៗ ទាក់ទងវឌ្ឍនភាពទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងសក្តានុពល និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ឯកឧត្តមអភិបាលក្រុង ក៏បានសន្យាជួយ​ជំរុញ​វិនិយោ គិនទីក្រុងផានចូវ ឱ្យចូលមកស្វែងយល់អំពីសក្តានុពលកម្ពុជា ដើម្បីវិនិយោគលើ​វិស័យ កសិកម្ម ទេសចរណ៍ និងវប្បធម៌ នាពេលខាងមុខ៕

ដោយ អ៊ុន រិទ្ធី