ក្រសួងទេសចរណ៍ និងភាគីចិនរួមគ្នាបណ្ដុះបណ្ដាលផ្តោតលើការប្រើបច្ចេក​វិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី ១២ ខែសីហាឆ្នាំ ២០១៩​ — ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តហៃណាន នៃសាធារណរដ្ឋប្រជា​មានិតចិន បានបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្ម​ទេស​ចរណ៍កម្ពុជាឆ្ពោះទៅឧស្សាហកម្ម៤.០ ដើម្បីរួមចំណែកបំពេញតម្រូវធនធានមនុស្ស ក្នុង វិស័យទេសចរណ៍ ធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវចំណេះដឹង ពាក់ព័ន្ធនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថលនេះ។ ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ហ័ង ឆាងស្យុង (HUANG Changxiong) ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន។ វគ្គបណ្ដុះបណ្ដាលនេះ​មានរយៈពេល​១៥ថ្ងៃ ចាប់ពីថ្ងៃទី១២-២៦ ខែសីហា ឆ្នាំ២០១៩។ លោក ហ័ង ឆាងស្យុង បានបញ្ជាក់ថា ការពង្រឹង និងអភិវឌ្ឍន៍សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ គឺជាទស្សនៈមូលដ្ឋាននៃគោលនយោបាយ ការបរទេសរបស់រដ្ឋាភិបាលចិន ក្នុងនោះការផ្ដល់ជំនួយលើការបណ្តុះបណ្តាល ក៏ជាខ្លឹមសារ​សំខាន់របស់មន្ទីរពាណិជ្ជកម្មខេត្តហៃណានផងដែរ ដែលស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន។ លោកបានលើកឡើងថា «លក្ខណៈនៃការអភិវឌ្ឍ​ឧស្សាហកម្មទេសចរណ៍ក្នុងបរិបទឧស្សាហកម្ម៤.០ នឹងត្រូវយកមកបង្រៀនដល់សិក្ខាកាម​កម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃបណ្តាញទិន្នន័យធំៗ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត និងពាណិជ្ជកម្មអេឡិចត្រូនិច ដែលជាបច្ចេកវិទ្យាស្នូលក្នុងការគ្រប់គ្រងសេវាកម្ម​ទេសចរណ៍»។

ឯកឧត្តម ហោ មុនីរ័ត្ន បានរម្លឹកថា កាលពីឆ្នាំ២០១៨ ភាគីកម្ពុជា-ចិនបានសហការ​រៀប​ចំវគ្គ​​បណ្តុះបណ្តាល សម្រាប់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍កម្ពុជានៅខេត្តព្រះសីហនុ ម្ដងរួចមកហើយ ដោយមានសិក្ខាកាមចូលរួមចំនួន ៥០នាក់ មកពីស្ថាប័នរដ្ឋ និងឯកជន។ ទន្ទឹមនេះ កាលឆ្នាំ២០១៨ កម្ពុជាក៏ទទួលបានទេសចរអន្តរជាតិជាង៦.២លាននាក់ កើនឡើង ១០.៧ភាគរយ និងនាំមកនូវប្រាក់ចំណូលប្រមាណ៤.៣៥៦លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ​២០១៩ កម្ពុជាក៏រំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ ហើយនៅ​ឆ្នាំ២០២០ ប្រមាណជាង៧លាននាក់។ ឯកឧត្ដមបានគូសបញ្ជាក់ថា «ភ្ញៀវទេសចរចិន គឺជា​ទីផ្សារដែលធំជាងគេលេខមួយរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចរចិនចំនួន២លាននាក់ កើនឡើង៣៣ភាគរយ ហើយនៅ​ឆ្នាំ២០១៩នេះ យើងរំពឹងថាទេសចរចិននឹងកើនឡើងដល់២.៦លាននាក់ និង៣លាននាក់ នៅឆ្នាំ២០២០។” ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា នាពេលបច្ចុប្បន្ន មនុស្សកំពុងបម្រើ​ការងារក្នុងវិស័យទេសចរណ៍មានចំនួនប្រមាណតែ២០ភាគរយ ប៉ុណ្ណោះ ដែលបានឆ្លងកាត់​ការ​​សិក្សា​ជំនាញទេសចរណ៍ តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យា​ល័យទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលខ្លីៗ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងកំណើន​ទេសចរនៅឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចំនួនប្រមាណ២០ម៉ឺននាក់ បន្ថែមទៀត។ ដូចនេះ ក្រសួងទេសចរណ៍កំពុងដោះស្រាយបញ្ហាប្រឈមខាងលើ ពោលគឺត្រូវជំរុញការ​បណ្តុះបណ្តាលកម្លាំងពលកម្មថ្មី និងបំពាក់បំប៉នជំនាញបន្ថែមទៀតដល់អ្នកកំពុងបម្រើការ​ងារក្នុងវិស័យទេសចរណ៍។ ឯកឧត្ដមបានបន្ថែមទៀតថា ក្រសួងទេសចរណ៍បាន​និងកំពុង​ដាក់ឱ្យអនុវត្តន៍នូវយុទ្ធសាស្រ្តស្ដីពី ការអភិវឌ្ឍវិស័យទេសចរណ៍ឌីជីថល ដូចជាការចុះបញ្ជី​អាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជនីយដ្ឋាន Online ប្រព័ន្ធគ្រប់គ្រងមគ្គុទេ្ទសក៍ទេសចរណ៍ Online ប្រព័ន្ធវាយតម្លៃចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» តាមប្រព័ន្ធ QR-Code និង​ប្រព័ន្ធ​ទូរស័ព្ទវៃឆ្លាត ព្រមជាមួយការរីកចម្រើននៃមធ្យោបាយទូទាត់សម្រាប់ទេសចរណ៍តាម​ប្រព័ន្ធ QR-Code មធ្យោបាយដឹកជញ្ជូនវៃឆ្លាត (Pass App Grab) ជាដើម។ លើសពីនេះ ក្រសួងទេសចរណ៍ក៏បាននិងកំពុងរៀបចំឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ឆ្នាំ២០២០-២០២៣ ដែលជាឯកសារគោលសម្រាប់ជំរុញការប្រើប្រាស់ និងអភិវឌ្ឍន៍បច្ចេក​វិទ្យាឌីជីថល សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅរកបដិវត្តឧស្សាហកម្មទី៤ ដែល កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការ កំណត់ឡើងវិញនូវកត្តាផលិតកម្ម ការគ្រប់គ្រង ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន សេដ្ឋកិច្ច៕

ដោយ ម៉ៅ ចរិយា