ឯកឧត្ដម អូស្មាន ហាស្សាន់ ចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋរស់នៅសហគមន៍ខ្មែរ-ឥស្លាម

AKP កំពង់ធំ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្ដម ឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានដឹកនាំគណៈប្រតិភូមក ប្រទេសតួកគីចុះជួបសំណេះសំណាល និងចែកអំណោយសាច់គោគួរបានចំនួន១០០ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសហគមន៍ខ្មែរ-ឥស្លាមទាំង០៩ រាជធានី-ខេត្ត។

ពិធីនេះធ្វើកាលពីព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភរបស់ អង្គការ Turkiye Diyanet Foundation (TDV) ប្រទេសតួកគី សហការណ៍ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា(CMDF)។
ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នៅថ្ងៃនេះប្រជាពលរដ្ឋដែលរស់នៅ សហគមន៍ខ្មែរឥស្លាមដែលទទួលបានគោគួរបានរួមមាន៖ ខេត្ដកំពង់ធំ៥១ក្បាល ខេត្តកំពង់ចាម ០៨ក្បាល ខេត្តកំពង់ឆ្នាំង០៩ក្បាល ខេត្តត្បូងឃ្មុំ០៧ក្បាល ខេត្តកណ្ដាល០៣ ក្បាល ខេត្តសៀមរាប០៣ក្បាល ខេត្តព្រះវិហារ០២ក្បាល ខេត្តក្រចេះ០១ក្បាល និងរាជធានី ភ្នំពេញចំនួន១៦ក្បាល។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានរម្លឹកថា នៅរដូវបុណ្យហាជ្ជី តាមប្រពៃណីឥស្លាម ឆ្នាំ២០១៩នេះ អង្គការ Turkiye Diyanet Foundation (TDV) ប្រទេសតួកគីសហការណ៍ជា មួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា (CMDF) បានប្រគល់គោគួរបានដល់សហគមន៍ ខ្មែរ-ឥស្លាមទូទាំងប្រទេសចំនួន៣០០ក្បាល។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអគុណដល់អង្គការ Turkiye Diyanet Foundation (TDV) ប្រទេសតួកគី ដែលបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីនាំយក អំណោយផ្សេងៗជូនដល់ប្រជាសហគមន៍ឥស្លាមនៃប្រទេសកម្ពុជា សកម្មភាពទាំងនេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីតម្លៃនៃការចែករំលែក ក្នុងនាមភាតរភាពឥស្លាម ក៏ដូចជាក្នុង នាមមនុស្សជាតិទូទាំងពិភពលោក។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្ដមបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានផ្ដាំផ្ញើដល់ យុវជនជំនាន់ក្រោយដែលត្រូវបន្តវេន សូមបន្តរក្សាសាមគ្គីភាព ភាតរភាព និងចូលរួមផ្សារ ភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន ដើម្បីបន្តកសាងសហគមន៍ ក៏ដូចជាប្រទេសជាតិ ទាំងមូលជាពិសេសដើម្បីរក្សាការពារសុខសន្តិភាព ដែលមានស្រាប់ឱ្យបានឋិតថេរ ចីរកាល៕

ដោយ សួស សំរិត