ព្រឹទ្ធសភាទទួលស្គាល់សមាជិកថ្មីចំនួន៣រូប ជំនួសសមាជិកព្រឹទ្ធសភាដែលទទួលមរណភាព និងសុំលាលែង

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ -ព្រឹទ្ធសភាបានប្រកាសទទួលសមាជិកព្រឹទ្ធសភាថ្មីចំនួន៣រូប ជំនួសសមាជិកដែលទទួល​មរណភាព និងសុំលាលែងពីសមាជិកព្រឹទ្ធសភា។ ការប្រកាសទទួលសមាជិកព្រឹទ្ធថ្មី​ធ្វើឡើង​នេះ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតី​ភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងដោយមានការចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភាសរុប៥៦រូប។

សមាជិកព្រឹទ្ធសភាថ្មី សម្រាប់នីតិកាលទី៤ មានចំនួន០៣រូបនេះ រួមមាន ១.ព្រះអង្គ​ម្ចាស់ នរោត្តម ស្រីយ សោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួស សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណ រស្មី ដែលបានសុំលាឈប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ។ ២ . ឯកឧត្ដម ញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) ជំនួស ឯកឧត្ដម ឡាយ អ៊ី ពិសិទ្ធ ដែលបានទទួលមរណភាព។ ៣. ឯកឧត្ដម ឡោ ឆន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ជំនួសលោកជំទាវ ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។

សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាថ្មី ដែលមានចែងក្នុងប្រការ១ ត្រូវធ្វើសច្ចាប្រណិ​ធាន​មុនពេលចូលកាន់តំណែង។ ចំពោះអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវ ទទួលភារកិច្ចបិទផ្សាយ សេចក្តីសម្រេចនេះ ក្នុងព្រឹទ្ធសភា និងផ្សព្វផ្សាយជាសាធារណៈ៕

ដោយ ប៊ុនរិទ្ធ