ប្រជាពលរដ្ឋនៅស្រុកកូនមុំ ចំនួន ៧០០គ្រួសារ ចាប់ផ្ដើមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ

AKP រតនគិរី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ -ស្ថានភាពទឹកជំនន់នៅ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្ដរតនគិរី បានស្រកទៅវិញហើយ ខណៈប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារ ក៏កំពុងចាប់ផ្ដើមវិលត្រឡប់ទៅកាន់ផ្ទះសម្បែង   រៀងៗខ្លួនផងដែរ។ នេះបើតាមឱ្យដឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅឃុំសិរីមង្គល ស្រុកកូនមុំ កាលពី​ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា បើទោះបីទឹកស្រកក៏ពិតមែន តែសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅបន្ដតាមដានសុខទុក្ខរបស់ប្រជាពលរដ្ឋយ៉ាងយកចិត្ដទុកដាក់ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យចុះអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ នៅកន្លែងប្រឈមដោយទឹកជំនន់ ដោយបានមានប្រសាសន៍ថា «នៅឃុំសិរីមង្គល ស្រុកកូនមុំ ទឹកបានស្រកជាង២ម៉ែត្រ ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែង ដើម្បីបោសសម្អាត ធ្វើអនាម័យផ្ទះសម្បែងការពារជំងឺ    ផ្សេងៗខណៈកន្លែងខ្លះនៅមានសល់ទឹកមិនទាន់ស្រកអស់នៅឡើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងទៀតថា នៅពេលប្រជាពលរដ្ឋវិលត្រឡប់កាន់ផ្ទះសម្បែងវិញនោះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច នៅតែបន្ដផ្គត់ផ្គង់ទឹកស្អាត ដើម្បីឱ្យពួកគាត់ប្រើប្រាស់ និងបានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រយ័ត្ន ពិសេសត្រូវធ្វើអនាម័យផ្ទះសម្បែង ដើម្បីកុំឱ្យប្រឈមជាមួយជំងឺឆ្លងផ្សេងៗ ។ សម្រាប់បញ្ហាទឹកស្អាតនេះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភប៊ីដុងសម្រាប់ដាក់ទឹក ចំនួន ១.០០០ប៊ីដុង តាមរយៈឯកឧត្តម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។ ដោយឡែកចំពោះទឹកវិញគឺរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ផងដែរ។

ដោយមើលឃើញស្ថានភាពលំបាករបស់ប្រជាពលរដ្ឋក្រោយទឹកស្រកទៅវិញ ពិសេសលើការងារប្រកបរបរផ្សេងៗនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម យកអំណោយចែកជូននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តរតនគិរី)