សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល របៀបចំរត់មារ៉ាតុងដើម្បីកុមារអូទីស្សឹម

AKP កណ្ដាល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ -ដើម្បីអបអរទិវាអន្តរជាតិយុវជន ១២សីហា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត      កណ្តាល សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀចំកម្មវិធីរត់ដើម្បីមនុស្សធម៌ រត់ដើម្បីកុមារអូទីស្សឹម និង រត់ដើម្បីបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធកម្ពុជាយុវជនកម្ពុជាខេត្ត។

ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា គោលបំណងសំខាន់នៅក្នុងការរត់ដើម្បីមនុស្សធម៌ រត់ដើម្បីកុមារអូទីស្សឹម និងរត់ដើម្បីបរិស្ថាននេះ គឺដើម្បីជួយទៅដល់កុមារខ្សោយសតិបញ្ញា ដែលហៅថា អូទីស្សឹម។ ការចុះឈ្មោះរត់ប្រណាំងនេះ កីឡាករ កីឡាការិនីក្នុងម្នាក់ ៗត្រូវបង់ថវិកាចំនួន១ដុល្លារអាម៉េរិក ហើយថវិកាដែលទទួលបានពីការចុះឈ្មោះទាំងអស់ នោះនឹងប្រគល់ជូនកុមារអូទីស្សឹម ដើម្បជួយទ្រទ្រង់ដល់ការគ្រប់គ្រងរបស់សាលា និង ឧបត្ថម្ភទៅដល់អ្នកដែលខ្វះខាតនៅក្នុងសាលាផងដែរ។ ការចូលរួមរត់ប្រណាំងនេះ គឺដើម្បីសុខភាពរបស់ខ្លួនឯងផង ដើម្បីការងារមនុស្សធម៌ និងជួយដល់សង្គមជាតិផងដែរ។

ថវិកាដែលទទួលបានពីការជួយឧបត្ថម្ភពីសប្បុរសជន និងការចុះឈ្មោះទទួលបានចំនួន ១.៦១១ដុល្លារអាម៉េរិក ដែលជ័យលាភីលេខ១ ទទួលបានមេដាយមួយ និងថវិកា២០ម៉ឺនរៀល លេខ២ទទួលបានមេដាយមួយ និងថវិកា១៨ម៉ឺនរៀល លេខ៣ទទួលបានមេដាយមួយ និងថវិកា១៦ម៉ឺនរៀល ពីលេខ៤ដល់លេខ៨ ទទួលបានមេដាយមួយ និងថវិកា១០ម៉ឺនរៀល និងទឹកបរិសុទ្ធអរុណា១កេស ទឹកក្រូចSunny cola ១កេស និងភេសជ្ជៈ AD ១យួរ ផងដែរ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តកណ្តាល)