កាកបាទក្រហមកម្ពុជានាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន២៥០ គ្រួសារ នៅខេត្តព្រះវិហារ ​​

AKP ខេត្តព្រះវិហារ ​ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩ — លោកជំទាវ ម៉ែន នារីសុភ័ក្រ្ត អគ្គលេខា​ធិការ​រងទី១ នៃកាកបាទក្រហមកម្ពុជាបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រ​ហម​​កម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ២៥០គ្រួសារ មកពីឃុំទាំង ១២ នៃស្រុករវៀង ខេត្តព្រះវិហារ កាលព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ។

លោកជំទាវ ម៉ែន នារីសុភ័ក្ត្រ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ពិសេសជនមានពិការភាព ចាស់ជរាទីទ័លក្រ ស្រ្តីម៉េម៉ាយ កុមារកំព្រា ស្ត្រីសម្រាលកូនក្រីក្រ អ្នករស់នៅជាមួយមេរោគអេដស៍ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើឱ្យបងប្អូន លោកតា លោកយាយចេះថែរក្សាសុខភាព និងត្រូវមានអានាម័យក្នុងការហូបស្អាតផឹកស្អាត និងរស់នៅស្អាត ។

សូមបញ្ជាក់ថា សម្ភារដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ឃីត ១ (អាវ ១ មុង ១ ភួយ១ សារុង១ ក្រម៉ា ១) និងអាវយឺតចំនួន ១ ៕

ដោយ ទិត ស្រ៊