កងកម្លាំងមួកខៀវកម្ពុជា ទើបបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី និង ស៊ូដង់ខាងត្បូងចំនួន៣៨២ នាក់ ត្រូវបានបំពាក់មេដាយការងារ

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ — កម្លាំងមួកខៀវកម្ពុជា ដែលទើបបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូងចំនួន៣៨២នាក់ ត្រូវបានរាជរដ្ឋាភិបាលបំពាក់មេដាយការងារដោយមាន​ការអញ្ជើញ ចូលរួមពីសម្តេចពិជ័យសេនា  ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណ:រដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា  ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​ថ្លែងថា នេះមោទនភាពមួយដែលកម្ពុជា មានកងកម្លាំងរក្សាសន្តិភាពជាង៦.៣០០នាក់ ចេញ​ទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៨  និងមានការកោត​​សរសើរពី​ការិយាល័យអង្គការសហប្រជាជាតិ លោកស្រី Sarah Knibbs តំណាង​អង្គការ សហប្រជាជាតិប្រចាំកម្ពុជា ដោយចាត់ទុកទាំងអស់គ្នាត្រូវបានលើកទឹកចិត្ត ក្នុងការនាំ​មក​នូវសន្តិភាព ដល់បណ្តាប្រទេស ដែលរងដោយជម្លោះ។ សម្ដេចពិជ័យសេនាបានបន្ដថា សន្តិភាពដែលកងកម្លាំងពុះពារ  គឺពិតជានាំមកនូវលទ្ធផលផ្នែកសេដ្ឋកិច្ច និងសង្គមដ៏ប្រសើរ​សម្រាប់គ្រប់ៗគ្នា។ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា​អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា កម្លាំងដែលត្រូវបំពាក់មេដាយមាន​ចំនូន​៣កង មានកងវិស្វកម្ម និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ បញ្ចប់បេសកកម្មនៅ​ប្រទេស​ម៉ាលី បានធ្វើមាតុភូមិនិវត្តន៍ ក្នុងខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។ ចំពោះកងអាវុធហត្ថ បញ្ចប់​បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង គឺបានធ្វើមាតុភូមិនិវត្តន៍នៅព្រឹកនេះ តាមជើង​យន្ត​ហោះរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តម នាយឧត្ដមសេនីយ៍បានបញ្ជាក់ថា កងកម្លាំង​មួកខៀវទាំង៣កង ទី១. កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨  ទី២. កងកម្ទេចគ្រាប់​មិនទាន់ផ្ទះ (EOD) លេខ១៣២ និងទី៣. កងរាជអាវុធហត្ថលេខ៦៨១។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងបំពាក់​គ្រឿង​​ឥស្សរិយយស ជូនទង់កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ កងកម្ទេចគ្រាប់មិនទាន់​ផ្ទុះលេខ១៣២ និងកងរាជអាវុធហត្ថលេខ៦៨១ផងដែរ៕

ដោយ សំ សាម៉ន