រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់ផែនការរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់នៅជុំវិញមណ្ឌលប្រឡងបាក់ឌុបឆ្នាំ២០១៩

AKP កំពង់ស្ពឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២៩១៩ — រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសស្តីពី ការរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់នៅជុំវិញ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឱ្យបានតឹងរ៉ឹង ដើម្បីធានា សុវត្ថិភាព និងគុណភាពនៃការប្រឡងនៅឆ្នាំ២០១៩នេះ។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ថា រដ្ឋបាលខេត្តកំពង់ស្ពឺបានត្រៀមផែនការ រួចជាស្រេចហើយក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅជុំវិញមណ្ឌលប្រឡងបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ។

ដើម្បីការពារកុំឱ្យកើតមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង ដែលរំខាន ដល់ការប្រឡង។ រដ្ឋបាលខេត្តកំពង់ស្ពឺបានដាក់ចេញផែនការមួយចំនួន ដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅជុំវិញបរិវេណប្រឡងរួមមាន ការពង្រាយកម្លាំងការពារ និងការសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ បុគ្គលិកសុខាភិបាល ត្រៀមឡានពេទ្យសង្រោះបន្ទាន់ និងរថយន្តពន្កត់អគ្គិភ័យជាដើម។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការត្រៀមផែនការនេះគឺ ដើម្បីធានាឱ្យបរិយាកាសនៃការប្រឡងបានប្រព្រឹត្តទៅដោយរលូនគ្មានការរំខាន ពិសេសគឺធានាគុណភាពប្រឡង ដោយស្វែងរកអ្នកដែលចេះពិតប្រាកដ។

ជាមួយគ្នានេះឯកឧត្តមបានរម្លឹកដល់បេក្ខជនប្រឡងទាំងអស់ មិនត្រូវយកសំណេរឯកសារ ឬទូរស័ព្ទស្មាតហ្វូនចូលក្នុងមណ្ឌលប្រឡងឡើយ បើអនុរក្សរកឃើញនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ហើយការប្រឡងនេះ នៅតែអនុវត្តន៍វិធានការយ៉ាងតឹងរឹងជាទីបំផុត គឺអ្នកចេះគឺជាប់ អ្នកមិនចេះគឺធ្លាក់ ដើម្បីធានាតម្លាភាពនិងគុណភាពធនធានមនុស្សនៅកម្ពុជា៕

ដោយ លឹម សាន្ត