រដ្ឋបាលខេត្តរតនគិរី ប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជំនន់ទន្លេស្រែពក

AKP រតនគិរី ថ្ងៃទី០៩ សីហា ឆ្នាំ២០១៩ — នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសឱ្យប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្នជំនន់ទន្លេស្រែពក ព្រោះពេលនេះទឹកបានឡើងលើសកម្រិត ប្រកាសអាសន្នហើយ។ ជំនន់ទន្លេស្រែពក បានបណ្តាលឱ្យលិចលង់ផ្ទះសម្បែង ដីស្រែ ចម្ការ ប្រជាពលរដ្ឋនៅ ស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងនោះផ្លូវជាតិលេខ៧៦ ឆ្ពោះទៅ ខេត្តមណ្ឌលគិរី ត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ បានកាត់ផ្តាច់ មិនអាចធ្វើដំណើរឆ្លងកាត់បាន ព្រមទាំងបង្កផលប៉ះពាល់ជាក់ស្តែងប្រជាពលរដ្ឋចំនួន ០៦ឃុំ។

ឯកឧត្តទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅស្រុកលំផាត់ ដែលកំពង់ តែលិចលង់នោះ ដើម្បីរកវិធានការដោះស្រាយ និងជម្លៀសប្រជាពលរដ្ឋទៅរកទីទួល សុវត្ថភាព។

ជាមួយគ្នានោះ អាជ្ញាធរខេត្ត ស្រុក កំពុងអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀស ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងពុំមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តរតនគិរី)