យុវជនស្ម័គ្រចិត្តបេតិកភណ្ឌ៨ប្រទេស ចុះកម្មសិក្សាឈ្វេងយល់ អំពីកិច្ចការអភិរក្ស និងគ្រប់គ្រងតំបន់អង្គរ

AKP សៀមរាប ថ្ងៃទី​០៩ ខែសីហា ឆ្នាំ២០១៩ — យុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ មកពី៨ប្រទេសរួមមាន ប្រទេស កម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងប្រទេសចិន បានចុះធ្វើកម្ម សិក្សាឈ្វេងយល់ អំពីកិច្ចការអភិរក្សនិងគ្រប់គ្រងតំបន់អង្គរ ដែលកម្មវិធីនេះមាន រយៈពេល ១៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីសិក្សា និងទទួលបទ ពិសោធន៍អំពីការងារអភិរក្ស និងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ពីអ្នកជំនាញ អាជ្ញាធរជាតិអប្សរា។

ការចុះធ្វើកម្មសិក្សាឈ្វេងយល់នៅឆ្នាំ២០១៩នេះ គឺជាលើកទី៣ហើយ ហើយពិធីនេះ បានបើកជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ លោក ម៉ី កុសល តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប និងលោកស្រី Boram SHIN នាយកវិទ្យាស្ថានកូរ៉េ-អង្គរ ដើម្បីបេតិកភណ្ឌ (KACHI)។

លោកស្រី Boram SHIN បានឱ្យដឹងថា កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ យូណេស្កូ ឆ្នាំ២០១៩ បានរៀបចំឡើងដោយកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិ អប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ។ ហើយ កម្មវិធី នេះធ្វើឡើងក្នុងបំណងបង្កើនការយល់ដឹង និងពង្រឹងការចូលរួមរបស់យុវជន នៅថ្នាក់មូលដ្ឋាន និងពិភពលោកទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិ។

លោកស្រី Boram SHIN បានបន្តឱ្យដឹងទៀតថា សម្រាប់យុទ្ធនាការអ្នកស្ម័គ្រចិត្ត បេតិកភណ្ឌពិភពលោកឆ្នាំ២០១៩ មានគម្រោងចំនួន៦៨ទាក់ទងនឹងបេតិកភណ្ឌចំនួន៦២ ក្នុងប្រទេសចំនួន៣៦ ហើយមានអង្គភាពយុវជនស្ម័គ្រចិត្តចំនួន៥៥ អាយុចន្លោះពី១៨ទៅ៣០ឆ្នាំ ដែលបានប្តេជ្ញាអនុវត្តន៍សកម្មភាពឆ្ពោះ ទៅកាន់គោលដៅរួមនៃការអភិរក្សនិងផ្សព្វផ្សាយ។ លោកស្រីក៏បានសម្តែង ការអរគុណដល់អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជន

កម្ពុជាខេត្តសៀមរាប និងអង្គការយូណេស្កូ ដែលគាំទ្រគម្រោងយុវជនស្ម័គ្រ ចិត្តបេតិកភណ្ឌពិភពលោកលើកទី៣ ឱ្យដំណើរការបានយ៉ាងរលូន ហើយសង្ឃឹមថា រយៈពេល២សប្តាហ៍នេះ នឹងធ្វើឱ្យសិក្ខាកាមចំនួន១៨នាក់នេះ ទទួល បានបទពិសោធន៍ និងការចងចាំដ៏ល្អពីអង្គរ។

ឯកឧត្តម សុខ សង្វារ ក៏បានលើកឡើងពីគុណតម្លៃដ៏អស្ចារ្យនៃអង្គរ ដែលជាបុរាណដ្ឋានដ៏ធំមួយនៅក្នុងចំណោមបុរាណដ្ឋានល្បីៗលើពិភពលោក។ អង្គរមាន គម្រោងស្រាវជ្រាវជាច្រើនទាក់ទងនឹងសំណង់ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និងរបកគំហើញ ផ្សេងៗដែលបានបកសា្រយតាមបែបវិទ្យាសាស្ត្រគួរឱ្យកត់សម្គាល់។ ក្រៅពីនេះ អង្គរគឺជា ដួងព្រលឹងនៃជនជាតិខ្មែរ ដែលសម្បូរទៅដោយមរតកវប្បធម៌រូបីនិងអរូបីជាច្រើន ហើយនៅតែមានការគោរពប្រតិបត្តិរហូតដល់សព្វថ្ងៃ និងបណ្តុះគំនិតនៃការគោរព ថែរក្សាអង្គររបស់ប្រជាជនក្នុងនោះជាស្រេច។

ឯកឧត្តម សុខ សង្វារ បានមានប្រសាសន៍ឱ្យដឹងទៀតថា តាមរយៈការងារស្ម័គ្រ ចិត្តលើការងារបេតិកភណ្ឌផ្ទាល់ ការចុះជួបសហគមន៍ និងស្តាប់បទបង្ហាញពីអ្នកជំនាញ អាជ្ញាធរជាតិអប្សរាលើផ្នែកផ្សេងៗ ឯកឧត្តមជឿជាក់ថា យុវជននឹងមានការយល់ដឹងកាន់តែ ច្បាស់អំពីបេតិកភណ្ឌ ស្រឡាញ់បេតិកភណ្ឌ គោរពបេតិកភណ្ឌ ហើយនឹងចូលរួម ថែរក្សាបេតិកភណ្ឌគ្រប់ៗគ្នា ជាពិសេសសកម្មភាពនេះក៏នឹងបង្ហាញភាពជាគំរូដល់យុវជន និងសាធារណជនដទៃទៀត ឱ្យបណ្តុះស្មារតីគោរពស្រឡាញ់និងចូលរួមការពារ បេតិកភណ្ឌទាំងអស់គ្នា៕

ដោយ ហង្ស សៀក