ព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាថ្មី ជំនួសសមាជិក ដែលបានសុំលាឈប់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ — ព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ខាងមុខ ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាថ្មីជំនួសសមាជិកដែលបានលាឈប់ពីសមាជិកព្រឹទ្ធសភា គឺសម្តេចព្រះរាជបុត្រី ព្រះអណុច នរោត្តម អរុណ រស្មី។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នក​នាំពាក្យព្រឹទ្ធសភា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹក​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជា អ្នកនាំពាក្យព្រឹទ្ធសភាបានគូសបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបាន សម្រេចតាមសំណើសុំព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដើម្បីជ្រើសរើសព្រះអង្គម្ចាស់ ប្រីយ សោភ័ណ្ណ ជំនួសសម្តេចព្រះរាជបុត្រីព្រះអណុច នរោត្តម អរុណ រស្មី ដែលបានសុំលាឈប់​ពីសមាជិកព្រឹទ្ធសភា។  ឯកឧត្ដមបានបន្ដថា ក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធ​សភាក៏បានសម្រេចចំពោះសំណើរបស់គណបក្សប្រជាជនកម្ពុជា ស្នើឯកឧត្ដម ញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ជំនួសឯកឧត្ដម ឡាយ អ៊ីពិសិទ្ធ ដែលទទួលមរណ​ភាព​កាលពីពេលកន្លងមក និងសម្រេចទទួលស្គាល់ឯកឧត្ដម ឡៅ ឆន  ជំនួសលោកជំទាវ ស៊ឹង ស៊ីយុត ដែលទទួលមរណភាព ដែលជាសមាជិកព្រឹទ្ធសភានៅភូមិភាគទី៤ផងដែរ។

ឯកឧត្ដមបានបន្ថែមថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចដាក់បេក្ខ ភាពចំនួន២រូប ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសជាសមាជិកឧត្តមក្រុមប្រឹក្សានៃ​អង្គចៅក្រម​ដែលផុតអាណត្តិនៅពេលខាងមុខនេះ។  ជាមួយគ្នានេះ បេក្ខជនដែលដាក់មកគឺអគ្គលេខាធិ​ការ​ព្រឹទ្ធសភាបានពិនិត្យសំណុំឯកសារ បែបបទ ដើម្បីរៀបចំឈរឈ្មោះឱ្យសមាជិកព្រឹទ្ធ​សភា​បោះឆ្នោត ចំនួន២រូប ដោយរួមមាន ១. លោក អ៊ុំ សារិទ្ធ ២.លោក គង់ សារិទ្ធ  ដែលលោក​ទាំងពីរ អ្នកគឺអតីតអគ្គព្រះរាជ្ញា និងប្រធានតុលាការ ។

ឯកឧត្ដមបានថ្លែងបញ្ជាក់ទៀតថា “បេក្ខជនទាំងពីររូប សុទ្ធតែមានលក្ខណៈគ្រប់អ្វី​ដែល​​អង្គចៅក្រមត្រូវជ្រើលរើស  ហើយពេលនេះអចិន្ត្រៃយ៍សម្រេចហើយ យើងមានសមាជិក​២រូប​​ តែយើងបោះឆ្នោតតែម្នាក់ទេ ព្រោះថាបេក្ខជនឈរឈ្មោះបានលុះត្រា​មានអតីតភាពជា​ប្រធានតុលាការ ឬជាអង្គចៅក្រម ហើយមានបទពិសោធន៍គ្រប់គ្រាន់តាមការកំណត់របស់  ក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ។” ឯកឧត្ដមបានលើកឡើងទៀតថា ចំពោះបេក្ខជនក្រុម​ប្រឹក្សានៃអង្គចៅក្រម នឹងធ្វើឡើងនៅក្នុងស័យប្រជុំពេញអង្គ ព្រឹទ្ធសភា ដែលប្រព្រឹត្ដទៅ​នៅថ្ងៃទី១២ ខែសីហាខាងមុខនេះ ៕

ដោយ ប៊ុនរិទ្ធ