ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រូតពិនិត្យការងារត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយនៅខេត្តតាកែវ

AKP តាកែវ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តតាកែវ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្រ្គោះគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះស្ថិតក្រោម អធិបតីភាព ឯកឧត្តមនារឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត​ អភិបាល អភិបាលរងក្រុង ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើការណែនាំដល់អាជ្ញាធរខេត្តតាកែវ ធ្វើយ៉ាងណាក្តាប់ឱ្យបាននូវសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធគ្រោះមហន្តរាយនានា ទាំងកត្តាធម្មជាតិ និងដោយយថាហេតុផ្សេងៗ ដែលកើតមានឡើងនៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍បន្តថា ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ និងត្រូវសហការគ្នាដើម្បីកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ​ក៏បានធ្វើការណែនាំដល់អាជ្ញាធរខេត្តតាកែវផងដែរថា ត្រូវតែត្រៀមលក្ខណៈទុកជាមុនទាំងសម្ភារ ថវិកា ស្បៀបអាហារ និងពូជដំណាំផ្សេងៗ។ ព្រោះការត្រៀមលក្ខណៈបង្ការនូវគ្រោះមហន្តរាយនេះ វានឹងជួយឱ្យប្រជាពលរដ្ឋបានផុតពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ៕

ដោយ អ៊ុច សៀង