ស្រូវស្រាល ពូជសែនក្រអូប នៅខេត្តបន្ទាយមានជ័យមាន​តម្លៃខ្ពស់នៅដើមរដូវប្រមូលផល

AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ -ប្រជាកសិករ និងមន្ត្រីអាជ្ញាធរដែនដីបានប្រាប់ឱ្យដឹង​ថា ស្រូវស្រាល​ដើមរដូវ​វស្សា ​ក្នុងនោះពូជសែនក្រអូបនៅខេត្តបន្ទាយមានជ័យ ទទួលបានតម្លៃខ្ពស់នៅដើមរដូវនៃការ​ប្រមូលលផលនេះ ទោះបីស្រែស្រូវនៅក្នុងតំបន់មួយចំនួនរបស់ខេត្តនេះកំពុងតែប្រឈមនូវ​ឡើយពីភាពខ្វះទឹកស្រោចស្រពនោះ ។

លោកពូ តុល កសិករនៅ​ភូមិ​និង​ឃុំ​សឿ​ ស្រុក​មង្គល​បូរី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ៨កើត ​ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ថា គាត់​​ធ្វើ​ស្រែ​​បាន ​៤​ហិក​តា ហើយ​ការធ្វើ​លើក​ទី​២​នេះបានដាក់​ពូជ​សែន​ក្រអូប​។ ​​តែដោយ​ឆ្នាំនេះ ភ្លៀង​រអាក់រអួល ហើយ​អាកាស​ធាតុខ្យល់​ក្តៅ​ខ្លាំង ​បានធ្វើ​ឱ្យ​ស្រូវ​មិនសូវ​ល្អ​ដូច​ឆ្នាំមុនទេ។ ​តែ​ទិន្នផល​ដែលប្រមូលបាននេះក៏បាន​ជាង​ ៤​តោន​ ក្នុង ​១​ហិក​តា​ដែរ ។​

​លោកពូ តុល បានប្រាប់ឱ្យដឹងទៀតថា តម្លៃ​ស្រូវពូជ​សែន​ក្រអូប​ដែល​លក់​នៅ​នឹង​វាល ស្រែនាពេលនេះ​​ មានតម្លៃ​ ៩,៧​បាត​ ក្នុង​១​គីឡូ​​ក្រាម ឬ​​ជិត​ ១.​៣០០​រៀល ​ក្នុង១​គីឡូក្រាម ។​ពោលគឺ​ថ្លៃ​ជាង​ឆ្នាំមុន​ក្នុងពេល​ដូចគ្នា​ដែល​បាន​ថ្លៃ​តែ ​៨,៣​បាត ​ក្នុង១​គីឡូក្រាម ​ឬ ​១.១០០ រៀល ក្នុង១​គីឡូ​ក្រាម​ប៉ុណ្ណោះ។ ​លោកមានការ​សប្បាយចិត្ត ​និង​អរគុណ​ណាស់​ដែល​អាជ្ញាធរ​បាន​បង្កលក្ខណ​:​​ឱ្យ​ស្រូវ​បាន​ឡើងថ្លៃ​ដូច្នេះ ។​

​ក្នុងឱកាសចុះពិនិត្យមើលការប្រមូលផលស្រូវស្រាលដើមរដូវវស្សា ក្នុងឃុំសឿ ស្រុក​មង្គលបូរីនេះ ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ក៏​ចូលរួម​អបអរ​ និង​សោមនស្សរីករាយហើយជូនពរដល់បងប្អូនប្រជាកសិករព្រមទាំងបានជំរុញឱ្យមន្រ្តីមន្ទីរកសិ កម្ម និងពាណិជ្ជកម្ម ត្រូវធ្វើការផ្សព្វផ្សាយដល់ឈ្មួញដើម្បីឱ្យមានការប្រកួតប្រជែងលើតម្លៃ ទិញស្រូវនេះ។

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​ម​ន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេ​សាទ​ខេត្ត​បន្ទាយ​មាន​​ជ័យ ​​បានឱ្យដឹង​កាលពី​ថ្ងៃទី០​៨ ​ខែសីហា ​ឆ្នាំ​២០១៩​ថា នេះ​ទើបតែ​ចាប់ផ្តើម​ច្រូតកាត់​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​​វស្សា​ ឬ​ហៅថា​ស្រូវ​បង្កើន​រដូវ​។​ តែ​ទៅ​សប្តាហ៍​ខាងមុខទើប​ការ ប្រមូល​ផលនេះពេញបន្ទុក ដែល​ក្នុង​១​ថ្ងៃៗ​ប្រមូលបាន​ពី ​៣.០០០​ទៅ​៤.០០០​តោន​។

​លោកប្រធាន​ម​ន្ទីរ​កសិកម្មខេត្ត ​បាន​បន្តថា ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ ប្រជាកសិករ​​ធ្វើស្រូវស្រាល​ដើមរដូវ ​និយមពូជ​សែន​ក្រអូប ពូជ​អ៊ី​អ៊ែរ​៨៥ បាន​ជិត​​ ៦០.០០០​ហិក​តា ឬ​ជាង​១២០​ភាគរយ​នៃ​ផែនការ ។ ​មកទល់ពេលនេះ ការប្រមូល​ផល​បាន​ ៥​ភាគរយ ​ដែល​មាននៅ​ស្រុក​ព្រះនេត្រព្រះ ស្រុក​មង្គល​បូរី​ និង​សិរីសោភ័ណ ។​

​លោកបានឱ្យដឹងដែរថា ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០១៩នេះ មកដល់ពេល នេះ​អនុវត្តន៍បាន​សរុប​មាន​ជាង២៤០.០០០ហិកតា ស្មើ៩៩ភាគរយ នៃផែនការ​២៥១.៣០០​​​ហិក​តា។​ ប៉ុន្តែដោយសារ​គ្រោះរាំងស្ងួតបាន​បង្ក​​ឱ្យ​ប៉ះពាល់​ជាង ​៤៧​​.០០០ហិក​តា ក្នុងនោះ ខូចខាត​​ជាង ​​៨០០​ហិក​តា ​​តែ​បាន​បូមទឹក​សង្គ្រោះបាន​ជាង ​១.០០០​ហិក​តា ។ លោកបានឱ្យ ដឹងទៀតថា ដោយសារតែមានភ្លៀងធ្លាក់រាយប៉ាយប៉ុន្មានថ្ងៃមកនេះបានធ្វើ​ឱ្យដំណាំស្រូវ ភាគច្រើននៅតំបន់​ខ្លះបានលូតលាស់ឡើងវិញជាបន្តបន្ទាប់៕

ដោយ ឈុន សារ៉ាត