អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជួបជាមួយគណៈប្រតិភូវិទ្យាស្ថាន​កងទ័ពជើង​គោកដាឡាត់ នៃប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យគណៈប្រតិភូវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ័ង វ៉ាន់ មិញ (HOANG VAN MINH) ជានាយកវិទ្យាស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងប្រាប់ភាគីវៀតណាមថា កម្ពុជា ​ប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងគោរពសិទ្ធិមនុស្សក្រោមការ​ដឹកនាំរបស់​រាជរដ្ឋាភិបាល ពេលបច្ចុប្បន្នមានសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃ សាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានលើកឡើងសូមឱ្យរដ្ឋាភិបាល ក៏ ដូចជាក្រសួងការពារជាតិនៃប្រទេសវៀតណាមជួយបន្តបណ្ដុះបណ្ដាលធនធានមនុស្ស របស់ កងយោធពលខេមរភូមិន្ទបន្តទៀត៕

ដោយ រិទ្ធី