មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ រៀបចំពិធីផ្សព្វផ្សាយ  និងអញ្ជើញថ្នាក់ដឹកនាំចូលរួមពិសាសាច់ជ្រូក 

AKP ព្រះវិហារ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត ព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត បានចូលរួម ពិសាសាច់ជ្រូក ដើម្បីបញ្ជាក់ថា សាច់ជ្រូកគ្មានជំងឺប៉េស្តជ្រូកអាហ្រ្វិកទេ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារថ្លែង កាលពីថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារថា ការអញ្ជើញថ្នាក់ដឹក នាំចូលរួមពិសាសាច់ជ្រូកនាពេលនេះ គឺជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគាត់ដឹងថា សត្វជ្រូកនៅក្នុងតំបន់ខេត្តព្រះវិហារយើងនេះ ពុំមានការកើតជំងឺបេស្តជ្រូកអាហ្វ្រិកទេ  ហើយក៏ជាការចូលរួមលើកទឹកចិត្តដល់អ្នកចិញ្ចឹមជ្រូក អ្នកលក់សាច់ជ្រូក និង ធ្វើការ ផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមពិសាសាច់ជ្រូកឡើងវិញ កុំឱ្យមានការ ព្រួយបារម្ភឡើយ។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា មានប្រសាសន៍​ជំរុញដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ចុះធ្វើការផ្សព្វផ្សាយថា ខេត្តព្រះវិហារយើងពុំមានសត្វជ្រូកណាមួយ មានកើតជំងឺប៉េស្តជ្រូកអាហ្រ្វិកទេ ហេតុនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមពិសាសាច់ជ្រូកដូចធម្មតាវិញ កុំមានការព្រួយបារម្ភឱ្យសោះ ហើយសូមឱ្យពួក គាត់ចិញ្ចឹមជ្រូកឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុកជំរុ​ញ ការលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង៕

ដោយ ទិត ស្រ៊