ប្រធានសភាពាណិជ្ជកម្មកម្ពុជា៖ កម្ពុជា-ស្រីលង្ការ នឹងចុះអនុស្សរណៈបង្កើតក្រុមប្រឹក្សាជំរុញ ពាណិជ្ជកម្មរួមគ្នា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូឡុំបូ នឹងចុះអនុស្សរណៈយោគយល់ស្ដីពី​ការ​បង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ស្រីលង្ការ ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេស​ទាំងពីរ ខណៈក្នុងឆមាសទី១នេះ ទំហំពាណិជ្ជកម្មនៃភាគីទាំងពីរសម្រេចបាន ១.១៩លាន​ដុល្លារ​អាម៉េរិក។

ក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជ កម្មកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាតំណាងឱ្យវិស័យឯកជននៅប្រទេសកម្ពុជា ក៏បាន​លើកឡើងអំពីសក្កតានុពល និងគុណសម្បត្តិនៃប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្តធុរជន​ស្រីលង្កា ឱ្យមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាគឺជាប្រទេសមានអំណោយផលបំផុត​សម្រាប់​ការវិនិយោគ ហើយឥឡូវនេះគឺជាពេលវេលាដ៏សក្ដិសមបំផុតសម្រាប់ការធ្វើការ​វិនិយោគ។ អ្នកឧកញ៉ាក៏បានគោរពស្នើសុំឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតី​នៃប្រទេស ស្រីលង្កា ធ្វើការជំរុញឱ្យមានជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដើម្បីជំរុញ​ទំនាក់ ទំនងក្នុងវិស័យជាច្រើន ដូចជា ទេសចរណ៍ សំណង់ កាត់ដេរសម្លៀកបំពាក់ ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាសាន់ថា សេនាណាយ៉ាកា (Vasantha Senanayak) រដ្ឋលេខាធិការ ក្រសួងការបរទេសស្រីលង្កា បានសម្តែងសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនង​ទ្វេភាគី កម្ពុជា-ស្រីលង្ការ ដោយគូសបញ្ជាក់ថា នេះគឺជាសញ្ញាវិជ្ជមាននៃការតភ្ជាប់ កម្រិត តំបន់​ប្រកបដោយ​សក្តានុពល រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។ ឯកឧត្តមបានស្នើសភា ពាណិជ្ជ​កម្មប្រទេសទាំងពីរប្រើប្រាស់វេទិកាថ្ងៃនេះ ឱ្យអស់លទ្ធភាព ដើម្បីកំណត់អំពីវិស័យ សក្តានុ​ពលនានា និងឱកាសពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចជាក់ស្តែង។ ឯកឧត្ដមបាន លើកឡើងថា ដើម្បីទាក់ទាញធុរកិច្ច និងការវិនិយោគបន្ថែម វាពិតជាមានសារៈសំខាន់ ដែល យើងចាំបាច់ត្រូវមានយន្តការអនុវត្តន៍​នៅនឹងកន្លែង។ ឯកឧត្ដមបានអះអាងថា “យើងពិត​ជាអាចចរចា និងបញ្ចប់កិច្ចព្រមព្រៀងស្ដីពី​ការមិនយកពន្ធត្រួតគ្នា និងការគាំពារផ្នែកវិនិយោគ ដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិ​បត្តិ​ការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី”។

គួរបញ្ជាក់ថា សម្រាប់វិស័យពាណិជ្ជកម្ម កាលពីឆ្នាំ២០១៨ ការដោះដូរពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់៣.៨៩លានដុល្លារអាម៉េរិក នៅក្នុងនោះ កម្ពុជាបាន​នាំចេញទៅកាន់ស្រីលង្កា មានទឹកប្រាក់១.១៣លាន ដុល្លារអាម៉េរិក និងនាំចូលមានទឹកប្រាក់ ២.៧៥លានដុល្លារអាម៉េរិក។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ទឹកប្រាក់នៃការដោះដូរ​ពាណិជ្ជ​កម្មប្រទេសទាំងពីរ សម្រេចបាន ១.១៩លានដុល្លារអាម៉េរិក៕

ដោយ ម៉ៅ ចរិយា