រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ វិស័យសាធារណៈចំនួន២ ទទួលជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានលើកឡើងថា វិស័យសាធារណៈចំនួន២គឺវិស័យ អប់រំ និងវិស័យសុខាភិបាលបានទទួលជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងការ​លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈនៅ​មូលដ្ឋាន។

ក្នុងពិធីប្រកាសទទួលស្គាល់ជ័យលាភី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការប្រកួតប្រជែងការផ្តល់ សេវាសាធារណៈរវាងអង្គភាព និងអង្គភាព ដោយផ្តើមអនុវត្តន៍ដំបូងពី “វិទ្យាល័យ” សម្រាប់ វិស័យអប់រំ និង“មន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ ដែល ផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ និងកម្រិត៣” សម្រាប់ វិស័យសុខាភិបាល ដូចមានកំណត់ក្នុងប្រកាសអន្តរក្រសួងលេខ ២៤៨១ មស.ប្រក ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ រវាងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិ បាល និងប្រកាសលេខ ២៤៨២ មស.ប្រក ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ រវាងក្រសួង មុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា យន្តការនេះ អាចចាត់ទុកថា នេះជាការ​បំផុស​ឡើងវិញនូវចលនានៃការលើកទឹកចិត្តមន្រ្តីរាជការ និងអង្គភាពដែលមានស្នាដៃឆ្នើម ក្នុងការបង្កើនផលិតភាពការងារក្នុងរដ្ឋបាលសាធារណៈ និងលើកកម្ពស់គុណភាពសេវា សាធារណៈ ដែលធ្លាប់បានអនុវត្តន៍រួចមកហើយនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិត​កម្ពុជា និងរដ្ឋកម្ពជា។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ដថា ការបង្កើត​ឱ្យ​មាន ប្រព័ន្ធមួយដែលមានកម្រិតស្តង់ដារ និងមានវិជ្ជាជីវៈសម្រាប់ធ្វើការវាយតម្លៃអង្គភាព​ផ្តល់សេវាគំរូ មិនមែនជារឿងមួយងាយស្រួល និងសាមញ្ញឡើយ ដើម្បីធានាបាននូវយុត្តិធម៌ និងសុក្រឹតភាពជាអតិបរមា សំដៅលើកកម្ពស់ការជឿទុកចិត្ត និងការចូលរួមគាំទ្រពីគ្រប់មជ្ឈ ដ្ឋាន។ ទន្ទឹមនេះ ក៏ដូចជាដើម្បីធ្វើយ៉ាងណាឱ្យអង្គភាពដែលទទួលបានការលើកទឹកចិត្ត ត្រូវ​បានអ្នក ទទួលសេវាជាពិសេស និងសាធារណជនជារួមវាយតម្លៃថា ពិតជាស័ក្តិសម​នឹង​ទទួល​បានការលើកទឹកចិត្តពិតប្រាកដមែន។ លើសពីនេះទៀត នឹងក្លាយជាអង្គភាពផ្តល់សេវា សាធារណៈគំរូ ដែលកន្លែងដទៃចង់សិក្សាដកពិសោធន៍ និងយកគំរូតាម។

ឯកឧត្តមអគ្គបណ្ឌិតស​ភាចារ្យបានបន្ថែមថា ការងារដែលសម្រេចបាននាពេលនេះ គឺ​ស្របទៅនឹងបរិការណ៍ដែលប្រាក់បៀវត្សរ៍មន្ត្រីរាជការត្រូវបានលើកកម្ពស់ ថវិកាសម្រាប់គាំទ្រ ដល់វិស័យអប់រំ និងវិស័យសុខាភិបាលជារួម និងថវិកាសម្រាប់ផ្តល់ជូនដោយផ្ទាល់ដល់ អង្គភាពផ្តល់សេវាសាធារណៈទាំងពីរវិស័យ ត្រូវបានបង្កើនឡើងក្នុងសន្ទុះលឿន ហើយដោយ ឡែកចំពោះកិច្ចដំណើរការវាយតម្លៃរបស់យើងផ្ទាល់ ក៏ទទួលបានការគាំទ្រថវិកាសមរម្យ ផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលើកឡើងថា លទ្ធផលការងារនាថ្ងៃនេះ គឺជា​សក្ខីកម្មនៃឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល តាមអភិក្រម “រៀន ផង ធ្វើផង” ប្រៀបដូចជាការ “ឆ្លងស្ទឹង ស្ទាបថ្ម” ក្នុងការខិតខំជម្នះគ្រប់ឧបសគ្គ ដើម្បី ពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តការងារផ្តល់សេវាសាធារណៈជូនដល់ប្រជាជន ពង្រឹងភាព ស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ និងលើកកម្ពស់សមត្ថភាពស្ថាប័ន ដែលសុទ្ធតែជា សមាសធាតុ​សំខាន់ៗ នៃស្នូលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានចាត់ទុកដែរថា តាមរយៈលទ្ធផលនេះក៏ជាការឆ្លុះ បញ្ចាំងឱ្យឃើញផងដែរ នូវស្មារតីនៃកិច្ចសហការល្អរបស់ការដ្ឋានកែទម្រង់ទាំងបី របស់រាជ រដ្ឋាភិបាល គឺការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈការឈាន ឆ្ពោះទៅសម្រេចគោលដៅរួម គឺការលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពនៃការប្រើ ប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋានផ្ទាល់៕

ដោយ គង់ សិរីរ័ត្ន