ស្ថានទូតជប៉ុន នឹងរៀបចំការប្រកួតជ្រើសរើសបេក្ខជនជានិស្សិតកម្ពុជា ដើម្បីចូលរួមកម្មវិធី ផ្លាស់ប្តូរយុវជន JENESYS 2019 នៅប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសបេក្ខជនជានិស្សិតកម្ពុជា ដើម្បី ចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2019 នៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា សម្រាប់លក្ខខណ្ឌបេក្ខជនគឺជានិសិ្សតឆ្នាំទី៣ គ្រប់ជំនាញនៃសាកលវិទ្យាល័យទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យចូលរួម​ការប្រកួត​ក្នុងកម្មវិធីនេះបាន។ និសិ្សត២៤រូប ស្មើនឹង៦ក្រុម នឹងត្រូវជ្រើសរើសនៅវគ្គប្រកួត​ផ្តាច់​ព្រ័ត្រ ដើម្បីចូលរួមកម្មវិធី JENESYS 2019។ ចំពោះបេក្ខជនដែលត្រូវបានជ្រើស​រើស ចូលរួមវគ្គប្រកួតផ្តាច់ព្រ័ត្រ ត្រូវរៀបចំបទបង្ហាញជាភាសាខ្មែរ ក្រោមប្រធានបទ “ស្រុក​កំណើត​ខ្ញុំ” ។

ស្ថានទូតជប៉ុន ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ ផុតកំណត់ទទួល ពាក្យនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ហើយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នឹងប្រកាសលទ្ធផលបេក្ខជនដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅលើគេហ ទំព័រស្ថានទូតជប៉ុន។

ជាមួយគ្នានេះដែរ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ  នឹងធ្វើឡើងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ម៉ោង២រសៀល នៅជម្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។ ដោយ​ឡែកចំពោះ ទស្សនកិច្ចនៅប្រទេសជប៉ុន ក្រោមកម្មវិធី JENESYS 2019 គឺមានរយៈពេល មួយសប្តាហ៍នៃដើម ឬ ចុងខែមករា ឆ្នាំ២០២០ខាងមុខ៕

ដោយ អ៊ុន រិទ្ធី