សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុនវីសា ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា​​សុវត្ថិភាព EMV chip ដើម្បីការពារការក្លែងបន្លំក្នុងប្រតិបត្តិការទូទាត់តាមធនាគារ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់​ប្រាក់​តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក​ និងធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែល មានឈ្មោះថា Cambodian Shared Switch (CSS) ដើម្បីទទួលបានសិទ្ធិក្នុងការប្រើប្រាស់ បច្ចេកវិទ្យាសុវត្ថិភាព EMV chip ជំនួសការប្រើ Magnetic Stripe សម្រាប់ការទូទាត់វិញ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសមាគមធនាគារនៅកម្ពុជានិង វីសាដើម្បីទទួលយក License ក្នុងការប្រើប្រាស់ VISA EMV Chip Specification ធ្វើឡើងកាលពីថ្ងៃទីពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ កិច្ចព្រមព្រៀង​នេះ ផ្តល់ជូនដល់សមាជិកសមាគមធនាគារនៅកម្ពុជា អាចប្រើប្រាស់ជាមួយនឹងស្តង់ដារ​បន្ទះ​ឈីបសុវត្ថិភាព Visa’s EMV® និងកម្មវិធីសម្គាល់អ្នកប្រើប្រាស់រួម [Application Identifier (AID)] ពីធនាគារ អេស៊ីលីដា សម្រាប់ប្រភេទកាតប្រើទូទាត់ក្នុងស្រុក កាតម៉ាស៊ីនអេធីអឹម និងនៅកន្លែងលក់ដូរផ្សេងៗ ដើម្បីធានាបានថាពួកគេនឹងទទួលបាននូវស្តង់ដារឈីបដែល​ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា នៅ ពេលបញ្ចប់ការផ្លាស់ប្តូរធនាគារ និងធុរកិច្ចក្នុងស្រុកនឹងទទួលបានការការពារយ៉ាងខ្ពស់ ប្រឆាំងនឹងការក្លែងបន្លំ ហើយប្រាកដជាលែងក្លាយជាគោលដៅនៃការលួច និងរំលោភបំពាន ទិន្នន័យតទៅទៀតដែរ។ លោកបណ្ឌិតបន្ដថា តាមរយៈការទទួលយក Visa’s EMV chip យើងនឹងអាចពង្រឹងប្រតិបត្តិការក្នុងស្រុក និងតាមបណ្តាញម៉ាស៊ីនអេធីអឹមរបស់យើង ដែល ផ្តល់នូវសុវត្ថិភាពកាន់តែច្រើនក្នុងការផ្តល់ សេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធ​បច្ចេកវិទ្យាថ្មីនេះ គឺប្រើបានសម្រាប់ធ្វើឱ្យអតិថិជនកាន់តែមានជំនឿចិត្តនូវគ្រប់ប្រតិបត្តិការ ទាំងអស់ ដោយសារការទូទាត់តាមរយៈឌីជីថលមានការរីកចម្រើននៅក្នុងប្រទេស យើងបាន ធ្វើការប្តេជ្ញាចិត្ត ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា នៅពេលដែលពួកគាត់ធ្វើ ប្រតិបត្តិការ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អ្នកស្រីបានបញ្ជាក់ថា ការដាក់ឱ្យមានការប្រើ ប្រាស់ Visa’s EMV chip standards សម្រាប់ធនាគារក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់សន្សំ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ខណៈយើងធ្វើ​ការ រួមគ្នាដើម្បីរក្សាស្តង់ដាសុវត្ថិភាពឱ្យខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។ អ្នកស្រីបាន​អះអាង ថា ចំពោះកាត EMV មានបង្កប់នូវ microprocessor ដែលបង្កើតកូដប្រតិបត្តិការថ្មីរាល់លើក នៅពេលដែលកាតត្រូវបានប្រើប្រាស់។ ជាមួយគ្នានេះ ដំណោះស្រាយឈានមុខនៃការ ប្រឆាំង​នឹងការក្លែងបន្លំនេះ ផ្តល់ជូននូវសុវត្ថិភាពដ៏រឹងមាំដែលប្រភេទកាត magnetic stripe ពីមុនមិនមាន។

លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១​នៃធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍កោតសរសើរដល់ក្រុមហ៊ុនវីសា និងសមាគមធនាគារនៅកម្ពុជា សម្រាប់ការ​សហការគ្នាក្នុងការពង្រឹងសន្តិសុខក្នុងការទូទាត់នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថា “យើងប្តេជ្ញាជំរុញអនាគតនៃការទូទាត់គ្មានសាច់ប្រាក់សម្រាប់ប្រទេសកម្ពុជាដែលឈរលើហេដ្ឋារចនាសម្ព័ន្ធទូទាត់លំដាប់ពិភពលោក ហើយការប្រកាសថ្ងៃនេះគឺជាជំហាន សំខាន់ក្នុងការ សម្រេចនូវចក្ខុវិស័យនេះ”។ លោកបានបន្ដទៀតថា ប្រទេសកម្ពុជាបន្តទទួលបានកំណើន យ៉ាងរឹងមាំនៃការទូទាត់តាមប្រព័ន្ធឌីជីថល ហើយក៏មានការកើនឡើងនូវចំណង់ចំណូលចិត្ត ក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ ដើម្បីទទួលយកវិធីសាស្រ្តទូទាត់បែបថ្មីនេះ។បើយោងលើការ សិក្សាស្រាវជ្រាវអំពីឥរិយាបថក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់ វីសាកាត ឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល ១ភាគ៣ រំពឹងថាការទូទាត់ប្រាក់តាមរយៈ​ប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាពកើនឡើង ដោយសារតែវាមានភាពងាយស្រួល និង សុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរ ប្រជា ជនកម្ពុជា ៥៤ភាគរយ ជឿជាក់ថាសេដ្ឋកិច្ចនឹងវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់​ប្រាក់សុទ្ធ​នៅក្នុងរយៈពេលប្រាំពីរឆ្នាំ ខាងមុខនេះ។ លើសពីនេះទៀត ដើម្បីជួយដល់ធនាគារក្នុង ស្រុក ជាមួយនឹងការពង្រឹងក្នុងការប្រើប្រាស់ EMV chip standards ក្រុមហ៊ុន វីសា តែងតែបន្ត ការអភិវឌ្ឍយុទ្ធសាស្រ្តនានា ដែលត្រូវបានរចនាឡើង ដើម្បីគ្របគ្រងហានិភ័យ និងភាពច្នៃ ប្រឌិត។ ប្រព័ន្ធឌីជីថលនេះ គឺពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការក្លែងបន្លំ ការការពារអតិថិជន​ពីការ​គំរាមកំហែង ហើយភាពជាដៃគូនេះដែលអនុញ្ញាតឱ្យក្រុមហ៊ុន វីសា បង្កើតនូវប្រព័ន្ធ​សុវត្ថិភាព​ដែលត្រូវបានណែនាំដោយបច្ចេកវិទ្យាច្នៃប្រឌិត ដូចជា EMV chip នេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន វីសា រួមជាមួយស្ថាប័នហិរញ្ញវត្ថុ និងដៃគូពាណិជ្ជកម្មរបស់ខ្លួន បានវិនិយោគជាប្រចាំនៅលើការរីកចម្រើនលើការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេស កម្ពុជា ដែលនេះបានរួមបញ្ចូលទាំងផលិតនិងការប្រើប្រាស់កាតបន្ថែម ការអប់រំដល់អ្នកប្រើ​ប្រាស់និងអាជីវករលើអត្ថប្រយោជន៍នៃការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងការណែនាំ អំពីការច្នៃប្រឌិតថ្មីៗទាក់ទងទៅនឹងការទូទាត់ដូចជាការទូទាត់តាមរយៈការស្កេន QR កូដ ជាដើម។ ទន្ទឹមនេះ បន្ទះឈីបស្តង់ដារ EMV ជាស្តង់ដារឧស្សាហកម្មជាសកល សម្រាប់ប្រតិ បត្តិការទូទាត់ដ៏មានសុវត្ថិភាពត្រូវបានបង្កើតឡើងដោយ EMVCo ដែលជាកម្មសិទ្ធិរួមគ្នារបស់ American Express, Discover, JCB, MasterCard, UnionPay និង Visa៕

ដោយ រិទ្ធី