ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមចូលរួមមហាសន្និបាតអាយប៉ា នៅប្រទេសថៃខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានក្រុមសភាជាតិអាយប៉ា និងជាប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៨កើត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមទៅចូលរួមមហាសន្និបាតអាយប៉ានាពេលខាងមុខនេះដែល ប្រទេសថៃជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ។ កិច្ចប្រជុំត្រៀមនេះ មាមការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ដើម្បីពិនិត្យ សិក្សា ខ្លឹមសារពាក់ព័ន្ធមួយចំនួនសម្រាប់ការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ ថា អាយប៉ា(AIPA) គ្រោងនឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី៤០ នៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

សូមបញ្ជាក់ថា អន្តរសភាអាស៊ាន អាយប៉ា (AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិនៃ បណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ដែលមានសមាជិកចំនួន ១០ ប្រទេសរួមមាន៖ ប្រទេសកម្ពុជា ព្រុយណេ ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ អាយប៉ា តែងតែរៀបចំមហាសន្និបាតប្រចាំឆ្នាំដោយ ផ្លាស់វេនប្រទេសជាសមាជិកធ្វើជាម្ចាស់ផ្ទះតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរ ឡាតាំង៕

ដោយ ប៉ាល់ សុង