ក្រសួងការងារប្រកាសផ្ដល់ការងារប្រមាណជិត២.០០០កន្លែង​ សម្រាប់អ្នកដែលកំពុងស្វែងរក​ការងារធ្វើ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងផ្តល់ឱកាសការងារបន្ថែមទៀតចំនួន១.៧៨៣កន្លែងបន្ថែមទៀត ដល់អ្នកដែល​កំពុងស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញបានលើកឡើងថា វេទិកា ការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់ តែច្រើនឡើងពីសំណាក់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងរោងចក្រ ដែលមានតម្រូវការ ជ្រើសរើសកម្លាំងពលកម្ម។ លោកបន្តថា ក្រុមហ៊ុននានាបានទាក់ទងមក ទីភ្នាក់ងារជាតិ​មុខរបរ​និងការងារ កាន់តែច្រើនឡើងដើម្បីឱ្យជួយជ្រើសរើសបុគ្គលិក សម្រាប់ចូលបម្រើ​ការងារ​នៅក្នុងក្រុមហ៊ុនរបស់ខ្លួន។  លោកក៏បានណែនាំដល់សិស្ស និស្សិត និងអ្នកកំពុង ស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសន៍ផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុនធំៗទាំង១១។

ចំណែកកញ្ញា ហ៊ាង សុជាតា អ្នកសម្របសម្រួលជ្រើសរើសបុគ្គលិករបស់ក្រុម ហ៊ុន​ជីបម៉ុង បានឱ្យដឹងថា ក្រុមហ៊ុននឹងមានឱកាសការងារចំនួន៦២កន្លែង ដែលយុវជនអ្នកស្វែង​រកការងារអាចដាក់ពាក្យបានក្នុងវេទិកាការងារនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។ កញ្ញា បានបន្ថែមថា វេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរនិងការងារ គឺពិតជាល្អខ្លាំងណាស់​ដោយបានកាត់បន្ថយពេលវេលា និងការចំណាយរបស់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិក ពិសេសនោះគឺអាចទទួលបានអ្នកដាក់ច្រើនក្នុងពេលតែមួយ ដើម្បីងាយស្រួលក្នុងការជ្រើស រើសបុគ្គលិកដែលមានសមត្ថភាព។ កញ្ញាបានលើកឡើងថា ជាក់ស្តែងក្នុងកិច្ចសហការ​ជាមួយ ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ កន្លងមក ក្រុមហ៊ុន Chip Mong Group ទទួលបានបុគ្គលិកជាង៥០០នាក់ រួចមកហើយ ដើម្បីឱ្យចូលបម្រើការងារ នៅក្រុម ហ៊ុន តាមមុខតំណែងផ្សេងៗ។

សូមជម្រាបថា វេទិកាការងារនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍ទី១៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការ ងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  ក្នុងការចូលរួមផ្ដល់ឱកាសការងារនេះដែរ ក៏មានក្រុមហ៊ុនធំៗចំនួន១១ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុន Super Duper, Chip Mong Group, Ming Wuoy Group, Modern Intergrated Service, BS Land and Home, MJQ Education, Hattha Kaksekar Limited, WB Finance Cambodia, Asianerial Advisory Int Co., Ltd. , Noyakong Group, Brown Coffee and Bakery៕

ដោយ ប៊ុនរិទ្ធ