ក្រុមU18កម្ពុជា ប្រកួតចាញ់U18 អូស្រ្តាលី ១-៥ ថ្ងៃបើកឆាកពូល B នៃពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ — ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៨ឆ្នាំកម្ពុជាបានប្រកួត ចាញ់នៅប្រកួតដំបូងរបស់ខ្លួន ជាមួយក្រុមជម្រើសជាតិ U-18 អូស្រ្ដាលី ដោយលទ្ធផល ១-៥ កាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកឆាកពូល B នៃពានរង្វាន់ AFF U-18 Championship 2019 នៅទី ក្រុងហូជីមិញ ប្រទេសវៀតណាម។

នៅក្នុងការប្រកួតវគ្គទី១ ត្រឹម៤នាទីដំបូង ក្រុមយុវជនអូស្ត្រាលីធ្វើសម្រេចបាន២គ្រាប់ និងធ្វើសម្រេចបានគ្រាប់ទី៣ នៅនាទីទី២០លើក្រុមយុវជនកម្ពុជា។ ចូលដល់វគ្គទី២ យុវជន​អូស្រ្តាលី​រកបាន២គ្រាប់បន្ថែម ខណៈកីឡាករ សៀង ចន្ធា របស់ក្រុមកម្ពុជាធ្វើសម្រេច​តាម​បាន​១គ្រាប់វិញ ដោយបញ្ចប់ការប្រកួតពេញម៉ោង គឺក្រុមU18កម្ពុជាចាញ់ក្រុមU18អូស្ត្រាលី ដោយលទ្ធផល ១ទល់៥។

ចំពោះប្រកួតបន្ទាប់ ក្រុមU18កម្ពុជានឹងបន្ដ៤ប្រកួតទៀត ជាមួយក្រុមខ្លាំង ក្រុមU-18 ថៃ នាថ្ងៃទី០៩ ខែ សីហា, ប៉ះជាមួយ ម៉ាឡេស៊ី នាថ្ងៃទី១១ សីហា, ប៉ះជាមួយសិង្ហបុរី នាថ្ងៃទី១៣ សីហា និងត្រូវប្រកួតចុង ក្រោយ ជាមួយម្ចាស់ផ្ទះ វៀតណាម នាថ្ងៃទី១៦ ខែ​សីហា សម្រាប់វគ្គសន្សំពិន្ទុពិន្ទុ ក្នុងពូលB។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់យុវជន AFF U-18 Championship 2019 នៅ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រកួតពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានក្រុមចូលរួមប្រជែងជើងឯកចំនួន១២ក្រុម ក្នុងនោះពូលA មាន៦ក្រុម និងពូលB មាន៦ក្រុមដូចគ្នា៕

ដោយ ហេង ណាលីន