អគ្គនាយកអគ្គិសនីកម្ពុជា អះអាងថា បញ្ហាសន្តិសុខថាមពលអគ្គិសនី កម្ពុជាមិនអាចប្រកាន់គោលជំហរជ្រុលនិយមនោះទេ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា បើទោះបីជានៅថ្ងៃអនាគតកម្ពុជាអាចឈានទៅដណ្តើមបានឯករាជ្យភាព ក្នុងវិស័យសន្តិសុខថាមពលនេះឱ្យបានច្រើនជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តែជាផល​ជំនាញដល់ជាតិខ្មែរ មិនត្រូវប្រកាន់ជំហរជ្រុលនិយមនោះទេ គឺត្រូវសមស្រប ដោយកម្ពុជា​ត្រូវយកពីប្រទេសគេខ្លះមកធ្វើការផ្គត់ផ្គង់នោះ។ ឯកឧត្តម កែវ រតនៈ បានអះអាងបែបនេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩ នាទីស្តីការគណៈរដ្ឋមន្រ្តី។ បើតាមឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា កុំថាតែកម្ពុជាដែលទិញភ្លើងពីប្រទេសជិត​ខាងដូចជា វៀតណាម ថៃ ឡាវនោះ សូម្បីតែប្រទេសដែលកម្ពុជាទិញភ្លើងនោះ ក៏ប្រទេស ទាំងនោះទិញពីប្រទេសដទៃទៀតដែរ ដែលនេះគឺជាទីផ្សារសេរីដែលពិភពលោកគេធ្វើនោះ មិនមែនមានតែកម្ពុជានោះទេ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងការដណ្តើមឯករាជ្យលើបញ្ហា សន្តិសុខថាមពលនេះ គឺសូមប្រជាពលរដ្ឋកម្ពុជាយល់ថា កម្ពុជាគឺមិនអាចផ្កាប់មុខទេ និងមិន អាចមានជាតិនិយមផ្កាប់មុខពេកទេ។ ឯកឧត្តមបានលើកជាឧទាហរណ៍ថា ដូចជា អាម៉េរិក បានទិញភ្លើងពីកាណាដា សិង្ហបុរីចង់ទិញភ្លើងពីអូស្រ្តាលី ម៉ាឡេស៊ីទិញភ្លើងពីឡាវ វៀណាម លក់ភ្លើងឱ្យកម្ពុជាតែទិញភ្លើងពីប្រទេសចិនទៅវិញ ដែលនេះ គឺជាសេដ្ឋកិច្ចទីផ្សារសេរី។
សូមជម្រាបថា មកដល់ឆ្នាំ២០១៩នេះ អគ្គិសនីកម្ពុជា បានតបណ្ដាញ ដាក់ឱ្យប្រជា ពល​រដ្ឋប្រើប្រាស់ ដោយគិតនៅតាមភូមិទូទាំង ប្រទេសបានចំនួន៩៣ភាគរយ។ កម្ពុជា បាន​ប្រើប្រាស់ភ្លើង រហូតដល់២.០០០មេហ្កាវ៉ាត់ កើនឡើងដល់២០ដងបើប្រៀបធៀបកាលពី១៩​ឆ្នាំមុន៕

ដោយ ចាន់ សុធីវង្ស រូបថត៖ ផែន រតនៈ