កិច្ចប្រជុំស្តីពីការអនុវត្តកិច្ចសន្យាប្រកបដោយគុណភាព ប្រសិទ្ធភាព និងបច្ចេកទេសនៃការសាងសង់ផ្លូវនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួងសាធារណការ និង​ដឹកជញ្ជូនបាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចសន្យាប្រកបដោយគុណភាព ប្រសិទ្ធភាព និងបច្ចេកទេសនៃការសាងសង់ផ្លូវនៅកម្ពុជា ។ កិច្ចប្រជុំនេះមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំក្រសួង នាយកអង្គភាពគ្រប់គ្រងគម្រោង (PMU) នាយកអង្គភាពអនុវត្តន៍គម្រោង (PIU) អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូន ២៥ រាជធានី-ខេត្ត កងវិស្វកម្ម ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសផ្លូវ និងគ្រប់ភាគីពាក់ព័ន្ធទូទាំងប្រទេស។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍​សង្កត់ធ្ងន់ពីផលប៉ះពាល់នៃការសាងសង់ផ្លូវគ្មានគុណភាព ធ្វើឱ្យខាតបង់ថវិកាជាតិដែលរាជរដ្ឋាភិបាល ខិតខំរកដោយលំបាក ខាតបង់ពេលវេលាក្នុងការធ្វើដំណើរ ដោយសារផ្លូវខូច គ្មានការបំពាក់ផ្លាកសញ្ញាចរាចរណ៍បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋនៅតាមដងផ្លូវរងផលប៉ះពាល់ដល់សុខភាពជាដើម។

ទន្ទឹមនឹងនេះ​ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យ​ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ត្រូវរកដំណោះស្រាយ និងនីតិវីធីនៃការសាងសង់ផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បាន យូរអង្វែង កុំឱ្យប្រជាពលរដ្ឋធ្វើការរិះគន់ថា ធ្វើផ្លូវមិនបានរឹងមាំ ធ្វើមុខខូចក្រោយ ដែលធ្វើឱ្យក្រសួងក៏ដូចជារាជរដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ខ្លួនឯងបាត់បង់កេរ្តិ៍ឈ្មោះ និងខូចមុខមាត់។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានព្រមានឱ្យក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ទាំងអស់ មិនត្រូវកេងប្រវ័ញ្ចលើបទដ្ឋានបច្ចេកទេស និងខ្លឹមសារនៃកិច្ចសន្យាឡើយ ត្រូវមានអ្នកជំនាញគ្រប់គ្រង ត្រួតពិនិត្យគុណភាព ត្រូវមានអ្នកចេះភាសាខ្មែរដែលអាចធានាទំនាក់ទំនង និងត្រូវដឹងពីភូមិសាស្ត្រឱ្យ​បានច្បាស់លាស់ ដើម្បីធ្វើការសិក្សា និងសាងសង់ឱ្យមានគុណភាព ព្រមទាំងបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកទេស គឺជាភ្នែក ជាត្រចៀករបស់ក្រសួង បើទីប្រឹក្សាបច្ចេកទេស ធ្វើការមិនបានត្រឹមត្រូវ ធ្វើឱ្យផ្លូវមិនបានល្អ និងគ្មានគុណភាព។

លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន​ប្រសាសន៍​បន្ថែមទៀតថា ក្រសួងនឹងរៀបចំនីតិវិធីឡើងវិញដើម្បីពិនិត្យមើលក្រុមហ៊ុនម៉ៅការបន្ត ពោលគឺត្រូវធ្វើបញ្ជីឈ្មោះក្រុមហ៊ុនម៉ៅការបន្ត ដើម្បីតាមដានប្រវត្តិក្រុមហ៊ុនម៉ៅការបន្តទាំងនោះឱ្យបានហ្មត់ ចត់ ។ ក្រុមហ៊ុនសាងសង់ ត្រូវធ្វើការសិក្សា និងស្គាល់ពីភូមិសាស្ត្រកម្ពុជាឱ្យបានច្បាស់ លាស់មុនធ្វើការសាងសង់ផ្លូវ។

ឯកឧត្តម​បាន​គូសបញ្ជាក់ថា​ ក្រសួងត្រូវបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានពីលើអង្គភាព PMU និង PIU ថែមទៀត ដើម្បីធានាគុណភាពសាងសង់រឹងមាំ និងមិនទទួលយកផ្លូវគ្មានគុណភាពរឹងមាំឡើយ។ ធ្វើបែបនេះដើម្បីរាជរដ្ឋាភិបាលអាចមានថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត ដូចជា សាលារៀន មន្ទីរពេទ្យ និងប្រឡាយទឹកដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថា​ ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសាងសង់ និងជួសជុលផ្លូវឱ្យ​មានគុណភាពគោរពតាមកិច្ចសន្យា បើមិនដូច្នោះទេ ក្រសួងនឹងចាត់វិធាន ប្តូរសមាសភាពដឹកនាំប្តូរក្រុមហ៊ុន ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត និង​បានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កងវិស្វកម្ម និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមនិងសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីសាងសង់ផ្លូវថ្នល់កម្ពុជា ឱ្យមានគុណភាពរឹងមាំ ៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន