ឯកឧត្តម វេង សាខុន ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមបរឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធ ប្រមាណ ២១៥នាក់។

លោក ប៉ែន វណ្ណរិទ្ធ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ធំ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ជំនួសលោក ធីវ វណ្ណធីរ ត្រូវទទួលនាទីថ្មីនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ឯកឧត្តមវេង សាខុន បានមានប្រសាសន៍ថា សូមឱ្យប្រធានថ្មី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវចេះសហការគ្នាយោគយល់គ្នាទៅវិញទៅមកដើម្បីឱ្យមន្ទីរទទួលបានភាពជោគជ័យ។ ចំណែកការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមិនអាចដោះស្រាយបាននោះទេ។ កសិករមួយចំនួនធំមានបញ្ហាប្រឈមជាច្រើនសម្រាប់ការធ្វើកសិកម្មដូចជា ខ្វះទឹកសម្រាប់ធ្វើស្រែ គ្មានបច្ចេកទេសក្នុងការដាំដំណាំ។ វិស័យកសិកម្មជាគន្លឹះសម្រាប់ឱ្យប្រជាពលរដ្ឋមានការរីកចម្រើន ត្រូវមានការផ្លាស់ប្ដូរពីមួយខែទៅមួយខែ។ ត្រូវចុះផ្សព្វផ្សាយពីបច្ចេកវិទ្យាថ្មីៗដល់ប្រជាពលរដ្ឋ ពីបច្ចេកទេសដាំដុះនៅតាមមូលដ្ឋាន។ ប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់ពីការចិញ្ចឹមត្រី និងសត្វ ព្រោះប្រទេសកម្ពុជាមិនទាន់មានបច្ចេកទេសហើយថវិកាពុំសូវសម្បូរធៀបទៅនឹងប្រទេសជិតខាង។ ត្រូវចុះបង្ក្រាបជាបន្ទាន់ចំពោះបទល្មើសផ្សេងៗ ពិសេសបទល្មើសព្រៃឈើ ។ បញ្ហាជលផលត្រូវមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ព្រោះពេលនេះជារដូវត្រីពងកូន។ ចំពោះព្រៃលិចទឹកត្រូវចុះ បង្ក្រាប និងមានវិធានការព្រោះវាជាធនធានធម្មជាតិហើយ ជាជម្រករបស់ត្រីនៅរដូវវស្សា និងបង្កើតក្រុមចម្រុះចុះការពារបន្ថែមទៀតនៅតាមមូលដ្ឋាន។

ឯកឧត្តមបានផ្តាំផ្ញើសូមឱ្យមន្ត្រីទាំងអស់ត្រូវចេះស្រឡាញ់ដើមឈើ ព្រោះដើមឈើស្ថិតនៅក្នុងវិស័យកសិកម្ម ត្រូវផ្លាស់ប្ដូរនូវអត្តចរិតក្នុងការងារសម្ដែងនូវភាពស្មោះត្រង់។ ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ត្រូវពង្រីកបន្ថែមនូវការដាំដើមឈើទាំងនៅទីក្រុងទាំងនៅជនបទ ដើម្បីឱ្យមានសោភណភាពស្រស់បំព្រង សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយចេះថែរក្សាព្រៃឈើឱ្យបានគង់វង្ស ៕

ដោយ ស៊ុម​ វណ្ណា