រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យមន្ទីរទេសចរណ៍រាជធានីផ្តល់អាជ្ញាប័ណ្ណដល់ទីតាំងអាជីវកម្មអាហារដ្ឋាននៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ -រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដមបណ្ឌិត ថោង ខុន បានជំរុញឱ្យប្រធានមន្ទីរទេសចរណ៍ដែលទើបតែងតាំងថ្មីផ្តល់អាជ្ញាបណ្ណ័ដល់ទីតាំងអាជីវកម្ម អាហារដ្ឋានទេសចរណ៍ដែលមានជាង ១.០០០កន្លែង នៅរាជធានីភ្នំពេញ ក្នុងរយៈពេល ៤ខែខាងមុខនេះដោយធានាថា គ្មានមូលដ្ឋានអាជីវកម្មទេសចរណ៍ណាដែលគ្មានច្បាប់អនុញ្ញាតនោះទេ។

ការជំរុញបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រីបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៩ ខណៈឯកឧត្ដមអញ្ជើញក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម ថោង  ខុន បានមានប្រសាសន៍លើកឡើងថា អាជីវកម្មអាហារដ្ឋានទេសចរណ៍ដែលមានដូចជា ភោជនីយដ្ឋាន, ក្លឹបកម្សាន្ត, ផ្ទះសំណាក់, សណ្ឋាគារ ជាដើមមានប្រមាណ១.២០០មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ។ ដូច្នេះប្រធានមន្ទីរថ្មីត្រូវដឹកនាំធ្វើកិច្ចការទាំងនេះឱ្យបានជោគជ័យក្នុងរយៈពេល៤ខែខាងមុខនេះ ដោយធានាថាគ្មានមូលដ្ឋានអាជីវកម្មទេសចរ ណ៍ណាដែលគ្មានច្បាប់អនុញ្ញាតនោះទេ ដោយដាក់សំណួរថាហេតុអីក៏អត់ច្បាប់អាចធ្វើអាជីវកម្មបាន?ហើយហេតុអីបានធ្វើអាជីវកម្មបានដោយគ្មានច្បាប់ ?។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងពីផែនការចង់បង្កើតបដិវត្តបង្គន់សាធារណៈសម្រាប់ទីក្រុង ទីប្រជុំជន, ឬភោជនីយដ្ឋាននានាតាមរយៈការធ្វើចលនាប្រឡងប្រណាំងបង្គន់អនាម័យស្អាតតាមស្តង់ដារអាស៊ាន និងពិភពលោក។ ក្រៅពីនេះឯកឧត្តមក៏បានលើកឡើងពីការជំរុញផែនការទេសចរណ៍មេគង្គ និងវិថីម្ហូបអាហារ(Street Food)ដែលជាផលិតផលទេសចរណ៍ និងមានការទាក់ទាញភ្ញៀវទេសចរដ៏សំខាន់។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានអញ្ជើញមកកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញមានការកើនឡើងជាបន្តបន្ទាប់ ដោយយើងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៩២៣.៧៧១នាក់ ស្មើនឹង ១៧២សញ្ជាតិ កើនឡើង ១៧,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ជាមួយគ្នានេះចំនួនអាជីវកម្មសេវាកម្មទេសចរណ៍នៅរាជធានីភ្នំពេញក៏មានការកើនឡើងដល់ ៣.០៩៦មូលដ្ឋាន។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដោយសារតែម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរមួយចំនួនតូចនៅតែបន្តលួចលាក់ធ្វើសកម្មភាពល្មើសច្បាប់ដូចជា ការជួញដូរផ្លូវភេទ, ការជួញដូរ ប្រើប្រាស់គ្រឿងញៀន, ការចម្លងវប្បធម៌ពាលាអាវ៉ាសែជាដើម ដែលទាមទាឱ្យមានការគ្រប់គ្រងត្រួតពិនិត្យដោយហ្មត់ចត់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ៕

ដោយ សួស សំរិត